(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ​ តាមរយៈអង្គភាពព័ត៌មាន Fresh News បានថ្លែងថា ការអំពាវនាវរបស់ស្ថានទូតអាមេរិកឲ្យពលរដ្ឋខ្លួន មានការប្រុងប្រយ័ត្នក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺជាវិធានការធម្មតារបស់រដ្ឋាភិបាលអាមេរិក ដោយសារសង្គមអាមេរិក តែងតែប្រឈមនឹងហិង្សាសម្លាប់មនុស្សរាល់រូបភាពជាប្រចាំ ដែលធ្វើឲ្យរដ្ឋាភិបាលនេះមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងកិច្ចការពារប្រជាពលរដ្ឋរបស់គេ ពីភាពឃោរឃៅទាំងនោះ។

លោក​ ផៃ ស៉ីផាន​ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលធ្វើការណែនាំព្រមានដល់ប្រជាពលដ្ឋអាមេរិកាំង ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើការប្រុងប្រយ័ត្នក្នុងស្ថានភាពខ្ពស់ និងចៀសវាងវត្តមាននៅក្បែរទីប្រជុំដែលមានហ្វូងមនុស្សច្រើន ក្នុងកិច្ចថែរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាមេរិកាំងនោះ គឺជាវិធានធម្មតានៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ គឺអាស្រ័យដោយសង្គមអាមេរិកាំងតែងតែប្រឈមនឹងភាពហិង្សាសម្លាប់មនុស្ស រាល់រូបភាពជាប្រចាំ ដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិកាំងមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងកិច្ចការពារប្រជាពលរដ្ឋរបស់គេពីភាពឃោរឃៅទាំងនោះ»

ការចេញមុខបកស្រាយរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីជូនដំណឹង​មួយ ដល់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​រស់នៅ​ និងធ្វើដំណើរទេសចរមកប្រទេស​កម្ពុជា ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព ​និង​សន្តិសុខ​ផ្ទាល់ខ្លួន ក្នុងអំឡុងពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំងតំណាងរាស្រ្ត នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ​ខាងមុខនេះ។

ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខនេះ អាច​មាន​ការ​ជួប​ប្រមូល​ផ្តុំ​ផ្នែក​ន​យាយ​បាយ ការ​ប្រឆាំង​តវ៉ា ឬ​ការ​ចល័ត​កម្លាំង​សន្តិសុខ។ ទោះបី​កន្លង​មក​ថ្មីៗ​នេះការ​ប្រមូល​ផ្តុំ​ផ្នែក​នយោបាយ​ភាគច្រើន​ពុំ​មាន​អំពើ​ហិង្សា​យាង​ណា​ក្តី ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម ឬ​ការ​ប្រមូលផ្តុំ​ផ្សេងៗ អាច​មានការ​ប្រឈម​ដាក់គ្នា​ដោយ​មិន​មាន​សញ្ញា​ព្រមាន​ទុកជាមុន​ឡើយ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ការប្រកាសព័ត៌មាននៃការណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់របស់សហរដ្ឋអាមេរិក គ្រាន់តែកិច្ចការពារជាមុនប៉ុណ្ណោះ ពុំមែនឆ្លើយតបនឹងភាពជាក់ស្តែងនោះឡើយ។ លោកបន្តថា ព័ត៌មានបែបនេះក៏អាមេរិកធ្លាប់ប្រកាសដល់ប្រជាពលរដ្ឋខ្លួន ឲ្យមានការប្រុងប្រយ័ត្នក្នុងពិធីប្រកួតកីឡាអន្តរជាតិអូឡាំពិកនៅប្រទេសរុស្ស៉ីផងដែរ។

លោក ផៃ ស៉ីផាន បានគូសបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពុំមានឥទ្ធិពល ឬឧបសគ្គណាមួយប្រឆាំង ឬបំផ្លាញដំណើរការបោះឆ្នោតសកលរបស់កម្ពុជា ដែលធ្វើឡើងមួយថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយការបោះឆ្នោតសកលនេះ ជាការសម្រេចចិត្តខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចថែរក្សាដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការទទួលខុសត្រូវជោគវាសនាដោយខ្លួនឯង ដែលគ្មានបរទេសណាជ្រៀតជ្រែកបានឡើយ។

លោកបានបន្ថែមថា ស្ថានភាពដំណើរការ នៃកិច្ចយុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់គណបក្សទាំ២០ បានប្រព្រឹត្តទៅដោយរលូន គ្មានឧបទ្ទវហេតុទម្ងន់ណាមួយគួរឲ្យចាប់អារម្មណ៍ឡើយ៕