(ភ្នំពេញ)៖ ​ពានរង្វាន់ Excelence Award នេះបានមកពី​សិស្សខ្មែរយើងក្នុងចំណោម​១៤ប្រទេស ពោលគឺមានតែ៤ប្រទេសប៉ុណ្ណោះ ដែលអាចយកពាននេះបាន ក្នុងនោះមានកម្ពុជាយើងដែរ ខណៈកូនខ្មែរយើងទាំង២៣រូប បានលើកមុខមាត់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ក្រោមការប្រកួតគិតលេខរហ័សនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅ ។

បើតាមការ​បញ្ជាក់​ឱ្យ​ដឹងពីលោក លឹម សុភា ប្រធានអង្គការពុទ្ធិកុមារ និងជានាយកកម្មវិធីសិក្សា CCMA បានឱ្យ​ដឹងថា នេះមិនមែនជាលើកទី១ទេ ដែល​ CCMA ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ពោលកាលពីប៉ុន្មានខែមុន សិស្សខ្មែរ២៤រូប ក៏បានទទួលពានរង្វាន់ ក្នុងការប្រកួតនៅប្រទេសថៃផងដែរ ដែលនេះសបញ្ជាក់​ឱ្យ​ឃើញពីសមត្ថភាពកុមារខ្មែរយើង ពិតជាបានលើកមុខមាត់ កិត្តិយស​ជាតិយើងខ្លាំងណាស់ ។

ហើយលើកនេះទៀតសោត CCMA ក៏បានដណ្ដើមបាន​ពានរង្វាន់បន្តទៀត ពោលគឺកុមារខ្មែរយើងទាំង២៣នាក់​ដែលបញ្ជូនទៅនោះ សុទ្ធតែជើងខ្លាំង ទទួលបានពានរង្វាន់ទាំងអស់គ្នាតែម្ដង ដោយគ្មាននរណាម្នាក់ធ្លាក់នោះទេ។ លោកបញ្ជាក់ទៀតថា ក្នុងចំណោម១៤ប្រទេស ដែល​ប្រឡង​គ្នានៅម៉ាឡេស៊ីនោះ មានតែ៤ប្រទេសប៉ុណ្ណោះ ដែលមានកុមារ១០០ភាគរយ​ទទួលបានពានទាំងអស់គ្នា ក្នុងនោះក៏មានកម្ពុជាយើងដែរ ។

លោកថា កម្មវិធីសិក្សាផ្ដោតលើការបណ្ដុះខួរក្បាលកុមារឱ្យគិតលេខរហ័សនេះ ទទួលស្គាល់ជាអន្តរជាតិ ដែលមានកិច្ចសហការជាមួយអន្តរជាតិជាច្រើនប្រទេស ហើយនៅកម្ពុជាយើង ក៏មានកំរិតតម្លៃសិក្សាធូរថ្លៃជាងគេ ខណៈ​លោកគ្រោងនឹងជំរុញកម្មវិធីសិក្សានេះ ឱ្យ​ទូលំទូលាយទូទាំងប្រទេស ក្នុងតម្លៃមួយធូរថ្លៃបំផុត ទៅតាមកំរិតជីវិត​ពលរដ្ឋតាមតំបន់។

លោកថា CCMA បានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយសាលានឹងខិតខំបង្កើនសមត្ថភាពខ្លួនឱ្យរឹតតែខ្លាំងក្លាជាងមុន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ ឱ្យ​មានកំរិតគុណភាព​ល្អបំផុត។ លោកបញ្ជាក់ថា ដោយសារឃើញពីសមត្ថភាពខ្មែរយើង គណៈកម្មការ AIAMA បានចាត់ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៩ ដើម្បីធ្វើការប្រឡងខ្នាតអន្តរជាតិ​ដែលមានប្រទេសជាច្រើននឹងមកកម្ពុជា ដើម្បីប្រកួតប្រជែងយកពានរង្វាន់រៀងៗខ្លួន ។

ក្រុមអាណាព្យាបាលសិស្សដែលមកទទួលកូនៗរបស់ពួកគាត់នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃ ទី ២៤ ខែកក្កដា បានសំដែងពីការសប្បាយចិត្តឥតឧបមា ដោយកូនចៅគាត់ ទទួលបានជ័យជំនះ លើឆាកអន្តរជាតិ ។

ពួកគាត់ថា កាលពីមិនទាន់អោយកូនចូលសាលា CCMA ក្មេងៗហាក់មិនសូវរស់រវើក វៃឆ្លាតនោះទេ ពោលគឺ សាមញ្ញៗដូចក្មេងធម្មតាផ្សេងទៀត​។ ប៉ុន្តែបន្ទាប់ពីបាន​បញ្ជូនកូនៗគាត់ចូលសាលា CCMA រួចរយៈពេលខ្លីមក​ក្មេង​ៗ​ហាក់បង្ហាញពីភាពខុសគ្នាឆ្ងាយណាស់ ពោលគឺកុមារហាក់​មានភាពវៃឆ្លាតជាងមុន ក្លាហាន រស់រវើក និងមើលទៅ ហាក់ក្មេងៗមានភាពជាអ្នកដឹកនាំខ្លួនឯង និង អត្តចរិកក៏ល្អថែមទៀតផង។

គួរជំរាបថា CCMA ជាកម្មវិធីសិក្សាហ្វឹកហាត់ខួរក្បាលអោយឆ្លាតវៃ ដែលជាកម្មវិធីសិក្សាទទួលជាអន្តរជាតិ និង មានតម្លៃថោកជាងគេនៅកម្ពុជា ខណៈកម្មវិធីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការពុទ្ធិកុមារ៕