(កំពង់ធំ)៖ ដោយប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ បាននាំយកទានវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងចំនួន៣វត្ត ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងនោះវត្តដែលទទួលទានវស្សាទាំង៣វត្តនោះ រួមមាន ទី១៖ វត្តក្តីអណ្តែត ទី២៖ វត្តរលួស នៅសង្កាត់ស្រយ៉ូវ និងទី៣៖ វត្តទេពនិមិត្ត សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ហើយទានវស្សា និងទេយ្យទាន ដែលត្រូវប្រគេនព្រះសង្ឃទាំង ៣វត្ត ដោយវត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ អង្ករ ៣០០គីឡូក្រាម ទឹកក្រូច ៤កេះ ទឹកសុទ្ធ ៤កេះ និងថវិកាមួយចំនួនថែមទៀត ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សារយៈពេលបីខែនេះ។

ការដង្ហែទៀនព្រះវស្សានេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ និងដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស។

ព្រះគ្រូចៅអធិការវត្តទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង រួមនឹងមន្ត្រីក្រោមឱវាទ ដែលបាននាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ មួយចំនួនមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង ៣វត្តនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា៕