(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម បានអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយជាតិតែមួយគត់ ដែលបានតស៊ូផ្តួលរលំរបបប្រល័យពូជសាសន៍ ដឹកនាំការបង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ ចាប់ពីចំណុចសូន្យ រហូតទទួលបានវឌ្ឍនភាពគ្រប់វិស័យ ហើយគណបក្សមិនដែលសន្យាខ្យល់ឡើយ ពោលគឺ «បើហ៊ានថា គឺហ៊ានធ្វើ»។

ការអះអាងរបស់ លោកតំណាងរាស្ត្រ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោត នៅក្នុងឃុំល្វា នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង​៤០០នាក់។

«គណបក្សប្រជាជនកម្ពុជា គឺជាអ្នកបម្រើប្រជារាស្តដ៏ស្មោះត្រង់ និងពិតប្រាកដ! យើងប្តេជ្ញាគោរព និងអនុវត្តន៍តាមពាក្យសន្យាជានិច្ច។ ជាក់ស្តែង ខ្ញុំធ្លាប់បានប្រកាសផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន២ថែមទៀត ដល់មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ឥឡូវរថយន្តទាំងនោះ កំពុងស្ថិតនៅលើកប៉ាល់ ធ្វើដំណើរសន្សឹមៗ មកកាន់ប្រទេសកម្ពុជាយើងហើយ! ដូច្នេះនៅពេលខាងមុខ យើងនឹងមានរថយន្តសង្គ្រោះបន្ទាន់ទាំងអស់​៥គ្រឿង ដើម្បីទុកដឹកជញ្ជូនបងប្អូនដែលមានជំងឺធ្ងន់ធ្ងរ ឬមានគ្រោះអាសន្នផ្សេងៗ ដោយឥតគិតថ្លៃ!» នេះជាអ្វីដែលលោក ប៉ាន់ សូរស័ក្ដិ បានលើកឡើង។

នៅក្នុងឱកាសនោះ លោកតំណាងរាស្ត្រ ប៉ាន សូរស័ក្តិ ក៏បានស្នើប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ ប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ទាំង​៥គ្រឿង ឲ្យអស់ពីលទ្ធភាព ដើម្បីទៅទទួលយកសេវាគាំពារសុខភាពផ្សេងៗ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋនានា ព្រមទាំងបានសន្យាចេញថ្លៃដឹកជញ្ជូន តាមរថយន្តឈ្នួល ជូនប្រជាពលរដ្ឋថែមទៀត ក្នុងករណីរថយន្តសង្គ្រោះបន្ទាន់ជាប់រវល់ ហើយប្រជាពលរដ្ឋមិនអាចប្រើប្រាស់បាន។

លោកតំណាងរាស្ត្រ បានបន្តជម្រាបជូនអង្គពិធី អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ​១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោត សំខាន់​លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំ​រយៈពេល​៣៩ឆ្នាំ របស់គណបក្ស​ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បន្ថែមលើនេះ លោកតំណាងរាស្ត្រ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងជួយជំរុញចលនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕​