(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្រាប់ខេត្តស្ទឹងត្រែង ជាពិសេស តំបន់ដែលជាប់ព្រំដែនប្រទេសឡាវ គឺស្រុកសៀមប៉ាង ពុំទាន់ទទួលរងទឹកជំនន់ធ្ងន់ធ្ងរ ដែលហូរធ្លាក់មកពីប្រទេសឡាវ នៅឡើយទេ បើទោះបីមានព័ត៌មានថា អាជ្ញាធរបានបើកទំនប់វារីអគ្គិសនី ដោយសារតែគំហុក នៃការធ្លាក់ភ្លៀងក៏ដោយនោះ។

នៅរសៀលថ្ងៃនេះ សារព័ត៌មាន​ FOX News បានផ្សាយថា ទំបន់វារីអគ្គិសនីមួយកន្លែងនៅខេត្តអាត់តាពើ ភាគីអាគ្នេយ៍ប្រទេសឡាវ បានបាក់ដោយផ្ដាច់ជីវិតមនុស្សមួយចំនួន និងបាត់ខ្លួនរាប់រយនាក់ ហើយបញ្ចេញទឹកយ៉ាងជោជន់រហូតដល់៥០០០លានម៉ែត្រគូប រហូតអាជ្ញាធរបានចេញប្រតិបត្ដិការជាបន្ទាន់ជម្លៀសអ្នកស្រុកចេញពីភូមិឋាន។

យ៉ាងណាក៏ដោយ សម្រាប់អភិបាលខេត្តស្ទឹងត្រែងវិញ បានបញ្ជាក់ថា តាមព័ត៌មានដែលលោកបានសួរនាំនោះ គឺពុំមានការបាក់ទំនប់នោះទេ ពោលជាការបើកបង្ហៀទឹករបស់អាជ្ញាធរឡាវ នៅតំនប់សេពាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅទីនោះ។

លោក ម៉ុម សារឿន បានបញ្ជាក់ថា លោកសាកសួរព័ត៌មាននេះ ទៅកាន់អគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសឡាវ ហើយទទួលបានចម្លើយមកវិញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ខ្លាំងនៅទំនប់សេពាន ទើបបង្ខំឲ្យអាជ្ញាធរឡាវបើកទ្វារទឹកបង្ហូរ ដូចជាពុំមានព័ត៌មានបាក់ទំនប់នោះទេ។

លោក ម៉ុម សារឿន បានបញ្ជាក់បន្ថែមថា សម្រាប់ខេត្តស្ទឹងត្រែង ទន្លេសេកុង និងទន្លេមេគង្គ ដែលត្រូវទទួលទឹកហូរធ្លាក់ពីខាងឡាវ មិនទាន់ឡើងកម្រិតប្រកាសអាសន្ន ហើយក៏មិនទាន់លិចលង់ដីស្រែចំការ និងផ្ទះប្រជាពលរដ្ឋនោះឡើយ។ តែយ៉ាងណាក៏ដោយ អាជ្ញាធរ និងមន្ដ្រីជំនាញរបស់លោក ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានត្រៀមរួចរាល់ហើយ ជួយអន្ដរាគមន៍បើមានករណីនេះកើតឡើង។

អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់ផងដែរថា ទំបន់សេពាននេះ មានសមត្ថភាពផលិតវារីអគ្គិសនីជាង៤០០ម៉េកាវ៉ាត់ ហើយអាងនេះស្ដុងទឹកបាន៥០០០លានម៉ែត្រគូប។ ទន្លេសេពាននេះ ជាដៃរបស់ទន្លេសេកុង ហើយបើសិនជាបាក់វាហូរចូលទន្លេសេកុង រួចចូលទន្លេមេគង្គ។

លោក ចាន់ យុត្ថា បានបន្ថែមថា នៅពេលនេះក្រសួងធនធានទឹក និងគណៈកម្មាធិការជាតិទន្លេមេគង្គ បាននិងកំពុងបន្ដតាមដានពីបញ្ហានេះ និងត្រៀមចេញសេចក្ដីជូនដំណឹងដល់សាធារណជនជាបន្ដបន្ទាប់។

តាមលោក ចាន់ យុត្ថា ចំងាយពីទំនប់សេពាន មកដល់ស្ទឹងត្រែងប្រទេសកម្ពុជាមានប្រវែងប្រមាណ៧០គីឡូម៉ែត្រ៕