(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខទុក្ខប្រជាជនខ្មែរ ដោយបាន​ខិតខំរិះរកគ្រប់មធ្យោបាយ​ ធ្វើយ៉ាងណាឲ្យប្រជាជន ទទួលបានតែសុខសន្ដិភាព ភាពរីកចម្រើន និងការអភិវឌ្ឍន៍។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកអាយុជីវិតខ្លួនជាដើមទុន ដើម្បីជួយឲ្យប្រជាជនខ្មែរទទួលបានសុខសន្ដិភាព រហូតមក​ដល់ពេលបច្ចុប្បន្ននេះ។ លើសពីនេះទៅទៀតទោះ​បី​ស្ថិត​ក្នុង ស្ថានភាពមានសុខសន្ដិភាព
យ៉ាងណាក៏ដោយ ក៏សម្ដេចនូវតែបន្តគិតគូរ និងរកដំណោះស្រាយផ្សេងៗបន្ថែម ដែលធ្វើយ៉ាងណាឲ្យតែ​ការរស់នៅរបស់​ប្រជាជនខ្មែររឹតតែមានភាពងាយស្រួល និងប្រកបដោយភាពសុខសាន្ដ។

បើក្រឡែមើលទៅក្រោយ១ឆ្នាំមុន ដោយមើលឃើញទុក្ខលំបាករបស់ប្រជាជនខ្មែរពាក់ព័ន្ធការខ្ចីប្រាក់ ដើម្បីមកដោះស្រា​យ​ជីវភាព​ប្រចាំថ្ងៃ និងប្រកបរបររកស៊ី ជៀសវាងការខ្ចីមានអត្រាការប្រាក់ខ្ពស់ ឬការខ្ចីខុសគោលដៅ និងចាញ់បោកគេ ធ្វើឲ្យប្រជាពលរដ្ឋជាប់បំណុវវណ្ឌកនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យធនាគារ​ជាតិ​នៃកម្ពុជា ស្វែងរកវិធីក្នុងការកំណត់ការប្រាក់នៃការផ្តល់ឥណទានមួយសមសម្រប និងលុបបំបាត់ឲ្យអស់ភាពអាណាធិបតេយ្យនៃគ្រឹះស្ថានផ្តល់ឥណនទាន។

ទីបំផុតធនាគារជាតិនៃកម្ពុជា ដែលសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពិដានការប្រាក់មកនូវត្រឹម១៨ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ។ មានន័យថា គ្រប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គភាពផ្តល់ឥណទានជនបទទាំងអស់ ត្រូវគោរពការសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ត្រូវផ្តល់ឥណទាន មានការប្រាក់ខ្ពស់បំផុតត្រឹម១៨ភាគរយក្នុង១ឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ បើមិនគោរពតាមទេ នឹងត្រូវប្រឈមនឹងការពិន័យ និងទោសទណ្ឌផងដែរ។

និយាយឲ្យស្រួលយល់គឺ ការកំណត់អត្រាការប្រាក់ត្រឹម១៨ភាគរយក្នុង១ឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ គឺធ្វើឲ្យប្រជាពលរដ្ឋខ្ចីប្រាក់បានក្នុងអត្រាការប្រាក់ទាប មានលទ្ធភាពសងត្រឡប់ទៅវិញកាន់តែប្រសើរ។ ការអនុវត្តន៍ពិដានការប្រាក់១៨ភាគរយក្នុង១ឆ្នាំ ចាប់ផ្តើមចាប់ពីខែមករា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។​

មួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចាត់ទុកថា ការទម្លាក់អត្រាការប្រាក់ឥណទានមកត្រឹម១៨%នេះ ជាការចូលរួមចំណែកដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវការឥណទាន ដើម្បីដោះស្រាយជីវភាព ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំ បានខ្ចីប្រាក់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់ជាង៣០%។

យោងតាមរបាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ​និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២​ ឆ្នាំ​២០១៨​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ បានបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ដាក់ពិដានអត្រាការប្រាក់១៨ភាគរយ ក៏ដោយក៏វិស័យនេះនៅតែរីកចម្រើនល្អ។ អត្រាការប្រាក់ទាំងប្រាក់រៀល និងប្រាក់ដុល្លារមានការធ្លាក់ចុះផងដែរ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បន្ដការរីកចម្រើនទាំងវិសាលភាព និងទំហំប្រតិបត្តិការ ដែលរួមចំណែកកាន់តែខ្លាំង​ក្នុងការ​បន្ដ​ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ របស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទ ក៏ដូចជា​ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទផងដែរ។

ធនាគារជាតិបានបញ្ជាក់ថា «ការដាក់ពិដានអត្រាការប្រាក់ឥណទាន មិនលើសពី១៨ភាគរយ ក្នុងមួយឆ្នាំ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថាន​ឥណទានជនបទ គួបផ្សំនឹងភាពប្រកួតប្រជែងខ្ពស់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានធ្វើឲ្យអត្រាការប្រាក់ឥណទាន ក្នុងវិស័យ​នេះធ្លាប់ចុះគួរឲ្យកត់សម្គាល់ពី៣០.៩២ភាគរយ នៅឆមាសទី១ឆ្នាំ២០១៧ មកត្រឹម១៧.៨៥ភាគរយ ចំពោះឥណទាន​ជារៀល និងពី ២៣.៦៧ភាគរយ មក១៧.១៥ភាគរយ ចំពោះឥណទានជាដុល្លារអារមេរិក។

អត្រាការប្រាក់បញ្ញើ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ ជាមធ្យមបានថយចុះពី៦.៤ភាគរយ នៅឆមាស​ទី១​ ក្នុងឆ្នាំ២០១៧ មកត្រឹម៥.៦៤ភាគរយនៅឆមាសទី១ ឆ្នាំ២០១៨ ចំពោះប្រាក់រៀល និងពី៥.០៧ភាគរយ មក៤.៨៥ភាគរយ ចំពោះ​ប្រាក់ដុល្លារអាមេរិក។ ការថយចុះនេះបណ្ដាលមកពី ការដាក់ពិដានអត្រាការប្រាក់ឥណទានត្រឹម១៨ភាគរយ ដែលបានចូលរួមចំណែកធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាបអត្រាការប្រាក់បញ្ញើ ដើម្បីផាត់ទាត់ការថយចុះ ចំណូលការប្រាក់ពីការផ្ដល់ឥណទាន។

វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌ ប្រមូលប្រាក់បញ្ញើសរុបប្រមាណ៩.១ទ្រីលានរៀល កើនឡើង២៤.៧ភាគរយ (ឆ្នាំលើ​ឆ្នាំ) ដោយមានអ្នកដាក់ប្រាក់បញ្ញើសរុបចំនួន១.៩៩លាននាក់ និងបានផ្ដល់ឥណទានសរុបប្រមាណ១៩.៦ទ្រីលានរៀល កើនឡើង៣៤.២% ទៅកាន់អតិថិជនសរុប១.៨លាននាក់ ក្នុងនោះអតិថិជនជាស្រ្ដីសរុបមាន ១.៤លាននាក់ (៧២ភាគរយ​នៃអតិថិជនខ្ចីប្រាក់សរុប)។ ឥណទានត្រូវបានផ្ដល់ទៅក្រុមគ្រួសារ ៣៥.៥ភាគរយ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​២៣.៨ភាគរយ វិស័យពាណិជ្ជកម្ម១៨.២ភាគរយ សេវាកម្ម១០.៣ភាគរយ ដឹកជញ្ជូន៤.៧ភាគរយ សំណង់៤.៣​ភាគរយ កម្មន្ដសាលកម្ម០.៧ភាគរយ និងវិស័យផ្សេងៗ២.៥ភាគរយ។

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបមាន៧៧ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើ ពីសាធារណជនមាន​៧) និងគ្រឹះស្ថានឥណទានជនបទ ដែលទទួលបានវិញ្ញាបនបត្រ​ពីធនាគារជាតិ នៃកម្ពុជាមាន៣០២។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានធ្វើប្រតិបត្តិការគ្រប់ដណ្ដប់ទូទាំង២៥រាជធានី-ខេត្ត ដោយមានការិយាល័យសរុបចំនួន​១,៣៧៥កន្លែង និងបានផ្ដល់ការងារដល់បុគ្គលិកចំនួន ៣២,១៧១នាក់។

លើសពីនេះ ដើម្បីជួយឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការជ្រើសរើសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលត្រឹមត្រូវមានអាជ្ញាបណ្ណស្របច្បាប់នោះ ធនាគារជាតិនៃកម្ពុជា​ តែងតែចេញបទបញ្ញត្តិនានា និងបានបង្កើតខ្សែទូរស័ព្ទ Hotline ដើម្បីឲ្យប្រជាពលរដ្ឋសាកសួរ ពេលមានចម្ងល់ពាក់ព័ន្ធនឹងវិស័យធនាគារ និងមីក្រូហិញ្ញវត្ថុ។

ជាពិសេសជាងនេះ នៅរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ គ្រឹះស្ថានឥណទានជនបទ ដែលប្រតិបត្តិក្នុងប្រទេស​កម្ពុជាចំនួន៥០ ត្រូវបានធនាគារជាតិនៃកម្ពុជា សម្រេចបិទ ដោយសារតែគ្រឹះស្ថានទាំងនោះ មិនគោរពតាមបទបញ្ញាតិ្ត និងច្បាប់ របស់ធនាគារជាតិនៃកម្ពុជា៕