(ភ្នំពេញ)៖ ការលំបាករបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺជាការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន តែងតែប្រកាសថា នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍ ដល់លើសពី១លានរៀល ជូនកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ប្រភេទ។ ជាក់ស្តែងនៅឆ្នាំ២០១៨នេះ គឺពិតដូចជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែន ប្រាកដមែន គឺមន្ត្រីរាជការ កម្លាំងប្រដាប់ ទទួលបានប្រាក់ប្រាក់បៀវត្សរ៍លើសពី១លានរៀលហើយ។ ចំនួននេះ មិនបានធ្វើឲ្យរាជរដ្ឋាភិបាល ឆ្អែតឆ្អន់ក្នុងការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើយ គឺត្រូវដំឡើងប្រាប់បៀវត្សរ៍រាល់ឆ្នាំ។

ជាធម្មតារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ ដំឡើងប្រាក់បៀវត្សរ៍២ដងក្នុងមួយឆ្នាំ គឺដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។

ពាក់ព័ន្ធនឹងប្រាក់បៀវត្សរ៍នេះដែរ ប្រទេសកម្ពុជាកំពុងឈរ នៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ប្រទេស ជាប្រទេសដែលមានប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខ្ពស់ជាងគេ ដោយរាប់គិតចាប់តាំងពីមន្ត្រីថ្នាក់ទាបបំផុតឡើងទៅ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

ទន្ទឹមនឹងការគិតគូរយកចិត្តទុកដាក់ ចំពោះជីវភាពជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ២ដងក្នុងមួយឆ្នាំហើយនោះ ប្រមុខរាជរដ្ឋាភិបាល បានកំណត់ឲ្យមានការបើកប្រាក់ខែជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងអំឡុងសប្តាហ៍ទី៣ ឬ៤សប្តាហ៍នៃខែនីមួយៗ ប៉ុន្តែខែខ្លះដែលចំខែបុណ្យទាន រាជរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍នៅសប្តាហ៍ទី២ផងដែរ។ នៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវផែនការបើកប្រាក់បៀវត្សរ៍២សប្តាហ៍ម្តង (ក្នុង១ខែបើក២ដង) ដើម្បីឲ្យកាន់តែងាយស្រួល។ លើសពីនេះ ក្រៅពីដំឡើងប្រាក់បៀវត្សរ៍ហើយនោះ ក៏បានផ្តល់ឧបត្ថម្ភបន្ថែម៥ម៉ឺនរៀល ២ដងក្នុង១ឆ្នាំផងដែរ គឺឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការឧបត្ថម្ភនេះម្តងៗ រាជរដ្ឋាភិបាលត្រូវចំណាយ ប្រមាណជាង៧លានដុល្លារ។

សម្រាប់ការដំឡើងប្រាក់ប្រៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនេះ ចាប់ពីខែមេសា ឆ្នាំ២០១៨ មកប្រាក់ខែរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាបបំផុតមានចំនួន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត ត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល។
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ។
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ។
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល។
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល។

បៀវត្សរ៍អប្បបរមារបស់យោធិន និងមន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

រាជរដ្ឋាភិបាលមិនមែន យកចិត្តទុកដាក់តែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ចំពោះការដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែនោះ សូម្បីតែអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក៏ត្រូវបានដំឡើងប្រាក់សោធននិវត្តន៍ប្រចាំខែផងដែរ។ ចាប់ពីខែមេសា ឆ្នាំ២០១៨ និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នឹងទទួលបានប្រាក់សោធនទាបបំផុតចំនួន៤៨ម៉ឺនរៀលក្នុង១ខែ ដែលកើនឡើងពី៤២ម៉ឺនរៀលក្នុងឆ្នាំ២០១៧, ពី៣៦ម៉ឺនរៀលក្នុងឆ្នាំ២០១៦ និង ពី៣០ម៉ឺនរៀលក្នុងឆ្នាំ២០១៥។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលរារែកក្នុងការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្លាំងប្រដាប់អាវុធ និវវត្តន៍ជននោះឡើយ គឺត្រូវដំឡើងជារៀងរាល់ឆ្នាំ។ លោកបញ្ជាក់ថា ផ្អែកលើការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន និង ការគិតគូរសម្រាប់ឆ្នាំ ២០១៩ បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិល រួមមានគ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ សោធននិវត្តន៍របស់និវត្តជន ប្រាក់ឧបត្ថម្ភរបស់មន្ត្រីកិច្ចសន្យា ប្រាក់ឧបត្ថម្ភរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង សមាជិកភូមិ នឹងត្រូវផ្តល់ការដំឡើងបន្ថែម ស្របតាមកំណើនសេដ្ឋកិច្ច និងលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ ក្នុងគោលបំណងលលើកកម្ពស់ជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រីសាធារណៈឱ្យកាន់តែប្រសើរថែមទៀត។

លោកបន្តថា ទន្ទឹមនេះការដំឡើងបៀវត្សរ៍ និងប្រាក់ឧបត្ថម្ភ ក៏នឹងត្រូវគិតគូរផ្សារភ្ជាប់ជាមួយសមិទ្ធកម្មការងាររបស់មន្ត្រី និង របស់អង្គភាពសាធារណៈ រួមទាំងការងារអាទិភាព តាមវិស័យផងដែរ។ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យដំណើរការ នៃចលនាប្រឡងប្រណាំង របស់អង្គភាពក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ហើយការប្រឡងប្រណាំងបែបនេះ នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយនាពេលខាងមុខ៕