(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចដងទន្លេមេគង្គ ស្ថិតក្នុង​ភូមិខ្ពបលើ ភូមិខ្ពបក្រោម និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាភា្លមៗ ​លោកបានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស​ ជំនាញរដ្ឋបាលជលផល កងរាជអាវុធហត្ថ អាជ្ញាធរស្រុកកងមាស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរង ចុះបង្ក្រាបភ្លាមៗតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិយ៉ាងសស្រាក់សស្រាំនេះ ត្រូវបានធ្វើដោយមានការសម្របសម្រួលពី ​លោក ហួត វុទ្ធី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោយជាលទ្ធផលដកហូតបាន ដាយ ចំនួន០៤មាត់ រីឯម្ចាស់បានរត់គេចខ្លួនបាត់។

លោកស្នងការការបានបញ្ជាក់ថា ក្រោយមានការគោលការឯកភាព​ កម្លាំងជំនាញបានធ្វើការដុតបំផ្លាញចោលនូវសម្ភារ វត្ថុតាងពាក់ព័ន្ធល្មើស នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស និងបានប្រលែងកូនត្រីចំរុះចំនួន១២៥គីឡូក្រាម ចូលទៅក្នុងទន្លេ​មេគង្គ​ផងដែរ។ យ៉ាងណាមិញ ករណីនេះ​ជំនាញកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕