(កំពង់ធំ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការប្រជុំផ្សព្វផ្សាយសភាពការណ៍មួយចំនួន ដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានសរុប១៨៥នាក់ ដើម្បីពង្រឹងការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោត រហូតដល់​ការ​រៀបចំបង្កើត​រាជរដ្ឋាភិបាលថ្មី។

នៅក្នុងការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកយកចំណុចសំខាន់ៗ មួយចំនួនមកជម្រានជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដូចខាងក្រោម៖

ទី១៖ ត្រូវបន្តពង្រឹងការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតសកលឆ្នាំ២០១៨ ពិសេសយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយប្រកាសលទ្ធផល នៃ​ការ​បោះឆ្នោត​រហូតដល់​ការ​រៀបចំបង្កើត​រាជរដ្ឋាភិបាលថ្មី

ទី២៖ ត្រូវបន្តតាមដានក្តាប់សភាពការណ៍ផ្សេងៗ ក្នុងដំណើរការបោះឆ្នោតនេះ និងសហការបង្រ្កាបរាល់សកម្មភាពទាំងឡាយណា ដែលបំផ្លិចបំផ្លាញដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចបំផ្លិចបំផ្លាញ នូវសុខសន្តិភាពរបស់ប្រទេសជាតិយើង

ទី៣៖ មិនត្រូវចាញ់ការឃោសនារបស់ក្រុមអគតិទាំងឡាយ ដែលញុះញង់មិនឲ្យទៅចូលរួមបោះឆ្នោត ឬបំភ្លៃពេលវេលាបោះឆ្នោតខុស និងកាលបរិច្ឆេទដែល គ.ជ.ប បានកំណត់ និង ត្រៀមរាល់ឯកសារផ្ទាល់ខ្លួន ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ។

ជាមួយ​នោះ​ផង​ដែរ ​លោកមេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក៏បាន​ផ្សព្វផ្សាយ​នូវ​សេចក្តី​ណែនាំលេខ០១​ សណន​ ​របស់​ប្រមុខរាជ​រដ្ឋាភិបាល​ស្តី​ពី​ ការ​ផ្អាក​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​នៅ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ ជូន​ដល់​កងកម្លាំង​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ផងដែរ​។

លោកបានផ្តាំផ្ញើឲ្យបងប្អូនពេលមានជម្ងឺ ត្រូវរាយការណ៍ជូនសាខាសមាគមអតីតយុទ្ធជន ដែលមានលោកមេប៉ុស្តិ៍នគរបាលជាប្រធាន ដើម្បីប្រធានសាខា មានវិធានការជួយដោះស្រាយ ឬពុំនោះទេបងប្អូន អាចឡើងមកព្យាបាលដោយផ្ទាល់តែម្តង នៅគិលានដ្ឋានរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទីតាំងនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានបុគ្គលិក គិលានដ្ឋាននៅចាំទទួលព្យាបាលនៅទីនោះ ដោយមិនគិតប្រាក់ពីបងប្អូនឡើយ។

ជាមួយគ្នានេះដែរ លោកក៏បានរំឮកដល់បងប្អូនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ និងជឿទុកចិត្ត និងកុំចាញ់ការឃោសនា អកុសល របស់ជនទាំងឡាយដែលរារាំងបងប្អូន មិនឲ្យទៅបោះឆ្នោត៕