(ព្រះវិហារ)៖ ថ្ងៃបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ទ្រង់ទ្រាយធំ នឹងចាប់ផ្តើមតែរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលថ្ងៃនេះ ធ្វើឲ្យគណបក្សនយោបាយផ្សេងៗ ក៏ដូចជាក្រុមការងារគណបក្សតាមខេត្ត រាជធានី ក្រុង ស្រុកទូទាំងប្រទេស កំពុងតែរៀបចំផែនការរៀងៗខ្លួន ដើម្បីឲ្យថ្ងៃដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ទទួលបានភាពអធិកអធម និងទទួលបានជោគជ័យ។

សម្រាប់គណបក្សប្រជាជនកម្ពុជា នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារវិញ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានបើកកិច្ចប្រជុំមួយដើម្បីផ្សព្វផ្សាយ និងរៀបចំផែនការឲ្យប្រធានក្រុមបក្សតាមភូមិ-ឃុំ ត្រូវត្រៀមលក្ខណៈក្នុងថ្ងៃហែរបញ្ចប់យុទ្ធនាការឃោសនានេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ, លោក គង់ វិមាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាក្រុមការងារបន្ថែមចុះជួយស្រុកសង្គមថ្មី និងលោក រស់ ហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មី ព្រមទាំងសមាជិក ក្រុមការងារចុះជួយស្រុក-ឃុំជាច្រើនរូបទៀត។

លោក សំ លាងទ្រី បានថ្លែងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃដង្ហែបិទការឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំនេះ លោកបានណែនាំឲ្យប្រធានក្រុមបក្សតាមឃុំនានា ត្រូវត្រៀមលក្ខណៈប្រាប់សមាជិកបក្ស មកជួបជុំគ្នានៅទីស្នាក់ការបក្សស្រុក មិនឲ្យហួសពីរម៉ោង៦៖៣០នាទីព្រឹក និងត្រូវពាក់ឯកសណ្ឋាន គឺអាវគណបក្ស និងមួកគណបក្សដែលបានចែករួចហើយ។

លោកបន្តថា ក្រោយពីបានស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សរួច យើងត្រូវដង្ហែឆ្ពោះទៅកាន់ខេត្តព្រះវិហារ ហើយចំពោះមធ្យោបាយធ្វើដំណើរវិញ គឺតាមរថយន្ត និងរថយន្តកែច្នៃដែលក្រុមការងារតាមឃុំនីមួយៗបានត្រៀមទុក។ ចំណែកម៉ូតូវិញ មិនត្រូវអនុញ្ញាតឲ្យជិះហែរទៅជាមួយនោះទេ ដោយទុកម៉ូតូនៅស្នាក់ការបក្ស។ នៅក្នុងយុទ្ធនាការនោះ លោកបានត្រៀមបាយកញ្ចប់ចំនួន១០០០កញ្ចប់ នំបុ័ង និងទឹកសុទ្ធគ្រប់គ្រាន់សម្រាប់សមាជិកបក្សយើងផងដែរ។

ជាមួយនិងផែនការត្រៀមសម្រាប់ការហែរបក្សទ្រង់ទ្រាយធំនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះដែរ បើតាមលោក សំ លាងទ្រី លោកបានត្រៀមរថយន្តមួយគ្រឿង ដោយធ្វើការតុបតែងមកពីភ្នំពេញស្រាប់ ដោយមានក្រុមតន្ត្រី និងក្រុមសិល្បករ លេងកំដរផងដែរ ដើម្បីញុំាងឲ្យការហែរកាន់តែមានភាពអធិកអធម និងភាពទាក់ទាញ។

លោកបញ្ជាក់ទៀតថា បើយើងស្រឡាញ់គណបក្ស យើងត្រូវហ៊ានលះបង់ដើម្បីគណបក្ស ការលះបង់របស់បងប្អូន យើងត្រូវចូលរួមហែរទាំងអស់គ្នា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យនៅថ្ងៃបោះឆ្នោតថ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕