(រតនគិរី)៖ ក្រសួងធនធានទឹក និងឧតុនិយម វេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងមួយកម្រិតបន្ថែមទៀត។

ក្រសួងធនធានទឹក តាមរយៈទំព័រ Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង​៥​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់​៨.២៥ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន​០.២៥ម៉ែត្រ»

ក្រសួងបានបញ្ជាក់ថា ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀត ដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ហើយពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួល សុវត្ថិភាពជាបណ្តើរៗ៕