(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ​សមាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការ អ្នកតំណាងរាស្រ្ត​ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយមន្រ្តីសាខាបក្សវិស័យអប់រំ​ និងសុខាភិបាល ខេត្តបន្ទាយមានជ័យ​នៅមន្ទីរបក្សខេត្ត។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស​, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ «គណបក្សប្រជាជនរឹងមាំ​ទៅបានដោយសារការលះបង់ និងចូលរួមគាំទ្រពីបងប្អូនជាសមាជិក​ សមាជិកា​ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទៅ​លើគោលនយោបាយ ដើរលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។​

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំ​បម្រើសេវាសុខភាពសាធារណ​ និងសិក្សាធិការជូនប្រជាពលរដ្ឋ​-កូនប្រជាពលរដ្ឋ​ ដោយស្មោះត្រង់​ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន​ និងសូមបន្តការសាមគ្គីគ្នា​ ឯកភាព​គ្នា​ ដើរលើផ្លូវតែមួយជាមួយគ្នាឆ្ពោះទៅដណ្តើមជ័យជន្នះជូនបក្សយើងឈ្នះ​ «គណបក្សប្រជាជនយើង​ឈ្នះ គឺប្រជាជនយើងគ្រប់គ្នាជាអ្នកឈ្នះ​»

ជាមួយគ្នានេះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានផ្តាំផ្ញើដល់សមាជិក​សមាជិកា​ទាំងអស់ ត្រូវ​ត្រៀមឯកសារជូនក្រុមគ្រួសារឲ្យបានរួចរាល់ និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខ​ ដើម្បីបន្តដំណើរអភិវឌ្ឍមូលដ្ឋានរបស់យើងបន្តទៀត៕