(ព្រៃវែង)៖ ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ប្រមាណ​៣០០​នាក់ នៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្តេជ្ញាអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អបំផុត ប្រកបដោយ​ការទទួលខុសត្រូវ ក្នុងពេលបោះឆ្នោតនាថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីនាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្ស។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សប្រជាជន នៅស្រុកកំចាយមារ លោក ស្ដើង សុខុម ​អនុប្រធានទី១ នៃក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំចាយមារ បានចាត់ទុកថា ភ្នាក់ងារគណបក្ស គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចមើលរំលងបានទេ ព្រោះមានតែ​ពួកគេប៉ុណ្ណោះ ដែលមានសិទ្ធិចូលទៅក្នុងការិយាល័យបោះឆ្នោត ពិនិត្យមើលសកម្មភាពបោះឆ្នោត និង​រាប់សន្លឹកឆ្នោត មានសិទ្ធិ​ជំទាស់ ​ប្តឹងតវ៉ា ប្រសិនមានបញ្ហា មិនប្រក្រតីណាមួយ​កើតឡើង ដូចនេះភ្នាក់ងារគណបក្ស គឺ​ជាភ្នែក និងច្រមុះរបស់គណបក្ស។

លោក ស្តើង សុខុម បានចាត់ទុកថា ភ្នាក់ងារគណបក្សសម្រាប់សង្កេតការមើលការបោះឆ្នោតនាពេលខាងមុខ មានតួនាទីសំខាន់បំផុត ក្នុងការជួយជ្រុំជ្រែងឲ្យការបោះឆ្នោតប្រព្រឹត្ត ទៅ​ប្រកបដោយ​ភាពជោគជ័យ ​សេរី​ពហុបក្ស​ ​យុត្តិធម៌​ត្រឹមត្រូវ ​ឯករាជ្យ​ និង​អាចទទួល​យកបាន​ពោល​មានតម្លាភាព សេរី និងយុត្តិធម៌។

ជាមួយគ្នានេះ លោកបានធ្វើការពន្យល់ទៅក្រុមភ្នាក់ងារគណបក្សប្រជាជនស្រុកកំចាយមារថា «ហេតុអ្វីយើងត្រូវការឲ្យ​ការបោះឆ្នោតមួយប្រព្រឹត្តដោយសេរី មានតម្លាភាព និង​យុត្តិ​ធម៌ គឺដោយសារថា គណបក្សប្រជាជនកម្ពុជា ​ជាគណបក្សដែលដឹកនាំប្រទេស យើងប្រាកដជាចង់ឈ្នះឆ្នោត តែត្រូវឈ្នះដោយយុត្តិធម៌ និង​ស្មើភាព​។ ដូចនេះប្រសិនការបោះឆ្នោតមួយ ប្រព្រឹត្តដោយសេរី មានតម្លាភាព និង​យុត្តិធម៌ ហើយគណបក្សប្រជាជនឈ្នះឆ្នោតទៀតនោះ វាជាជ័យជម្នះរបស់ជាតិ​ទាំងមូល ដែលយើងត្រូវប្រឹងប្រែងធ្វើឲ្យបាន»។

ប្រធានក្រុមការងារ ក៏បានលើកយកបញ្ហាមិនប្រក្រតីមួយចំនួន ដែលតែងកើតឡើងនៅក្នុងពេលបោះឆ្នោត និង​រាប់សន្លឹកឆ្នោត នាពេលកន្លង ដើម្បីទាញអារមណ៍អ្នកចូលរួមឲ្យយកចិត្តទុកដាក់ ដូចជាភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​គំរាម​កំហែង ការ​រារាំង និង​អសន្តិសុខ ​ការ​រារាំង​អ្នកបោះឆ្នោតដោយប្រការផ្សេង​ៗ។

លោក ស្តើង សុខុម បានបន្តថា ហេតុដូចនេះតួនាទី​ភារកិច្ច​​​របស់​ភ្នាក់​ងារ​​តំណាង​គណបក្ស ​នៅក្នុង​ដំណើរ​​ការ​​បោះ​ឆ្នោត ​​គឺឃ្លាំមើល​​គ្រប់​សកម្ម​ភាព​​​ក្នុង​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ ​ពិនិត្យ​មើល​ពីការ​អនុវត្ត​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ ដើម្បី​កំណត់​ភាព​ត្រឹម​ត្រូវ​​ ឬ​កំហុស​ឆ្គង​​របស់​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត ​រាប់​សន្លឹក​ឆ្នោត​ និង​អ្នក​​​​បោះ​ឆ្នោត​ ហើយប្រមូល​ព័ត៌មាន​ភស្តុ​តាង ​រាយការណ៍​ជូន​គណបក្ស​​ និងដាក់​ពាក្យ​បណ្តឹង​​។

ភ្នាក់​ងារ​តំណាង​​គណបក្ស​នយោ​បាយ ​​​ជាអ្នក​ត្រួត​ពិនិត្យ​​ការ​បោះ​ឆ្នោត​ ការពារ​​ផល​ប្រយោជន៍ឲ្យ​គណបក្ស​ ត្រូវ​ជំទាស់​ដាក់​ពាក្យ​បណ្តឹង​​​​តវ៉ា កត់​ត្រា​​ សង្កេត​ និង​ធ្វើ​របាយការណ៍​ជូន​គណបក្ស​ ពោល​គឺ​ចង្អុល​បង្ហាញ​កំហុស និង​ការ​ប្រព្រឹត្ត​មិន​សុច​រិត ជួយ​លាត​ត្រដាង​កំហុស​ឆ្គង​ដែល​កើត​មាន​ទាំង​ចេតនា និង​អចេត​នា ហើយ​លើ​កស្នើ​​ទៅ​ប្រធាន​ការិយា​ល័យ​បោះ​ឆ្នោត​ រាប់​សន្លឹក​ឆ្នោត ធ្វើ​ការ​ដោះ​ស្រាយ​កែ​តម្រូវ​។​

​ជាមួយគ្នានោះលោក ស្តើង សុខុម ក៏បានសុំឲ្យក្រុមភ្នាក់ងារគណបក្សប្រជាជនកម្ពុជា​ទាំងអស់ ត្រូវចេះតាមដាននូវគ្រប់រូបភាពដែល​សកម្មភាព គណបក្សនយោបាយផ្សេង​ក្នុ​ងមូលដ្ឋានខ្លួន និង​ត្រូវពង្រឹងខ្លួនឲ្យបានស័ក្តិសមជាមន្ត្រីល្អ ក្នុងការបង្ហាញឲ្យឃើញពីស្មារតីទទួល​ខុស​ត្រូវខ្ពស់ ព្រមទាំងត្រូវខិតខំស្វែងយល់ និង​ដោះស្រាយឲ្យមានប្រសិទ្ធភាព និង​សំណូមពរការលំបាករបស់ប្រជាជន ហើយត្រូវធ្វើចលនាប្រជាពល​រដ្ឋ អនុវត្តនូវសិទ្ធិរបស់ខ្លួន ក្នុងការបំពេញតកព្វកិច្ចជាប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺបោះឆ្នោតឲ្យគណ​បក្សប្រជាជនកម្ពុជា នៅលេខរៀងទី​២០៕