(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សេក ហៃ អភិបាលស្រុកកូនមុំ បានដឹកនាំ ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្សជាច្រើននាក់ ដង្ហែទៀនវស្សាប្រគេនព្រះសង្ឃគង់ចាំត្រីមាសចំនួន១០វត្ត នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

ឆ្លៀតក្នុងឱកាសនោះ លោក សេក ហៃ បានលើកឡើងអំពីភាពរីកចម្រើនរបស់កម្ពុជា ទាំងក្នុងវិស័យពុទ្ធិចក្រ និងអាណាចក្រ ដោយសារតែប្រទេសកម្ពុជាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

អភិបាលស្រុកកូនមុំ ក៏បានបង្ហាញដល់ពលរដ្ឋអំពីសារសំខាន់ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ហើយបញ្ជាក់ថា ការបោះឆ្នោតនេះ មានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឱ្យពលរដ្ឋទៅបោះឆ្នោតថ្ងៃបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕