(ភ្នំពេញ) ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយជា អង្ករចំនួន ១០តោន មី ១០០កេស និងទឹកសុទ្ធ ១០០កេស ពីសមាគមមូលនិធិ ស៊ាង យ៉ុង និងក្រុមសមាជិកនាយក ខេត្ត គ័ង ដុង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់គណៈប្រតិភូ នៃសមាគមមូលនិធិ ស៊ាង យ៉ុង និងក្រុមសមាជិកនាយក ខេត្ត គ័ង ដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តមួយចំនួន កំពុងទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ តាមរយៈ អំណោយទាំងនេះ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងផ្តល់ជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកស្រី​ បានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូដែលសុទ្ធតែជានាយកក្រុមហ៊ុន ជាអ្នកមានសក្កានុពលខាងផ្នែកវិនិយោគទុននៅប្រទេសកម្ពុជា និងជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងរីកចម្រើន ក្នុងភាពជាបងប្អូនទាំងផ្នែកមនុស្សធម៌ ទេសចរណ៍ និងការវិនិយោគ។

ជាមួយគ្នានេះ លោកស្រី ហ័ង គូរ៉ុង ប្រធានសមាគមមូលនិធិ ស៊ាង យ៉ុង បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសម និងរួមចំណែកជួយឧបត្ថម្ភគាំទ្រដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការជំនួយ និងការឧបត្ថម្ភនានា។ លោកស្រី បានបញ្ជាក់ថា ៖ "កម្ពុជា-ចិន គឺជាគ្រួសារតែមួយ ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ហើយប្រជាជនចិន នៅតែបន្តជួយ ព្រមទាំងកៀរគរអ្នកវិនិយោគមកអភិវឌ្ឍនៅប្រទេសកម្ពុជា"៕