(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រះវិហារ ដែលមានលោក អ៊ុន ចាន់ដា ជាប្រធាន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិកបក្សជាច្រើននាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីបង្ហាញមុខបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រះវិហារ ព្រមទាំងបេក្ខជនតំណាងរាស្ត្របម្រុងដទៃទៀត ដល់សមាជិក-សមាជិកាបក្ស ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ឆ្នោតបានស្គាល់កាន់តែច្បាស់។

ក្នុងពិធីសំណេះសំណាល ក៏មានការផ្សព្វផ្សាយសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិការទី៦ កាលពីថ្ងៃទី០៧ ខែកក្កដា កន្លងទៅផងដែរ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានប្រកាសបង្ហាញបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រះវិហារ ដែលមានបេក្ខភាពលោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ជាបេក្ខជនតែមួយគត់របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តព្រះវិហារ។ ក្រៅពីនេះមានលោក សួស យ៉ារ៉ា, លោក ឡុង សុវណ្ណ, លោក ណែម វ៉ា, លោក ខូយ ឃុនហ៊, លោក យុង គឹមហ៊ាន និងលោកស្រី ខូយ ប៊ុនថាន ជាបេក្ខជនបម្រុងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលព្រះវិហារ។

ក្នុងពិធីប្រកាសបង្ហាញមុខបេក្ខជននោះដែរ លោក មាស សុភា បានលើកឡើងអំពីគោលនយោបាយថ្មីៗរបស់គណបក្ស ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសនៅអាណត្តិបន្ត ក្រោយគណបក្សប្រជាជនជាប់ឆ្នោត ព្រមទាំងបានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជាពលរដ្ឋក្នុងស្រុកជ័យសែនទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលើលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕