(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ របស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានបញ្ចប់បេសកកម្ម នៅប្រទេសម៉ាលី​ និងស៊ូដង់ខាងត្បូង។

ពិធីនេះធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន តំណាងអង្គការសហប្រជាជាតិ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងអ្នកសារព័ត៌មាន ជាច្រើនរូបផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលនេះរួមមាន៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ចំនួន១៦៥រូប, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ៦១៨ ពីប្រទេសស៊ូដង់ខាងត្បូងចំនួន៧៣រូប៕