(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់បានស្លាប់​ និងម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា​ ខណៈពេលដែលត្រូវរថយន្តតាកូម៉ាបុកកិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច​ដីឡូត៍ទុកចោល ដែលមានកម្មវិធីប្រគុំតន្រ្តី​ នៅ​ភូមិ១ក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ក្មេងប្រុសម្នាក់ដែលស្លាប់មានឈ្មោះ​ ឡូ​ ភារ៉ា​ ភេទប្រុស​ អាយុ១២ឆ្នាំ​ រៀននៅ​អង្គកុមារនៃភាពញញឹម​ រីឯម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យឈ្មោះ​ ចន្ធា​ វុទ្ធ ធូ​ ភេទប្រុស​ អាយុ៩ឆ្នាំ​ រស់នៅក្រោមបន្ទុក​ឪពុក ដែលមានឈ្មោះ​ វន់​ វាន​ អាយុ៣៧ឆ្នាំ ​មានមុខរបរ​ជាងម៉ាស៊ីនត្រជាក់​ បច្ចុប្បន្នស្នាក់ភូមិកំរៀង​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ មានស្រុកកំណើត នៅភូមិស្វាយអន្ទរ​ ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ក្មេងប្រុសទាំង២ បានទៅរើសអេតចាយ ជាមួយជីដូន តាំងពីព្រឹកព្រលឹម​ លុះពេលរើសអេតចាយរួច ក្មេងទាំង២នាក់នោះ បានដេកនៅតូបលក់​ដែលគេរុករើរួច​ ក៏ស្រាប់តែមានរថយន្តតាកូម៉ា បើកចេញពីតូបមួយផ្សេងទៀត បានកិនក្មេងទាំង២នាក់នោះតែម្តង​ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់។​

ភ្លាមៗនោះ ម្ចាស់រថយន្តបានដឹកក្មេងទាំង២នាក់ ទៅ​មន្ទីរពេទ្យក្បែរនោះ​ តែដោយសារសភាពរបួសធ្ងន់ធ្ងរ​ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យរុស្ស៊ី​ តែជាអកុសលក្មេងប្រុសម្នាក់ ដែលឈ្មោះ​ ឡូយ​ ភារ៉ា​ ត្រូវបានស្លាប់បាត់ទៅហើយ​។ ចំណែកក្មេងដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យគន្ធាបុប្ផា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ​ ចិន​ សាវ៉េត​ ភេទស្រី​ អាយុ៣២ឆ្នាំ​ ភូមិព្រែកអញ្ចែញ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ស្នាក់នៅម្តុំទឹកល្អ២​ ខណ្ឌទួលគោក​ ចំណែកម្ចាស់ដែលបើករថយន្ត គឺបានគេចខ្លួនបាត់ស្រមោល​ បើកកិននោះម៉ាក​តាកូម៉ា​ ពណ៌ស្ករ​ ស្លាកលេខភ្នំពេញ​ 2AT-5610។