(ភ្នំពេញ)៖ បច្ចុប្បន្ននេះវិស័យធនាគារ បានកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយក្នុងនោះទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ ​បានកត់សម្គាល់ឃើញថា កើនដល់៣១ពាន់លានដុល្លារអាមេរិក។

ការរីកចម្រើននេះ បានធ្វើឲ្យគ្រឹះស្ថានធនាគារ ពង្រីកការផ្ដល់សេវាកាន់តែទូលំទូលាយ និងមានភាព​ងាយស្រួលជាងមុន ក្នុងនោះតាមរយៈការពង្រីកសេវាសាខារហូតដល់៨៦២ ក្នុងនោះមានម៉ាស៊ីនដក-ដាក់ប្រាក់ចំនួន១,៥៩៣ម៉ាស៊ីន​។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឲ្យដំណើរការ ធនាគារពាណិជ្ជ ឈីហ្វ​ នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ថា «ការរីកចម្រើនវិស័យធនាគារ គួរឲ្យកត់សម្គាល់នេះ បានធ្វើឲ្យគ្រឹះស្ថានធនាគារកើនឡើងដល់​៣១ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានមានប្រមាណ៥៦.៤ភាគរយ​ ចំណែកឯដើមទុនរបស់គ្រឹះស្ថានក៏មានភាពរឹងមាំ និងបានកៀរគរប្រាក់​បញ្ញើដល់​១៩ប៊ីលានដុល្លារអារមេរិក ដោយបានរួមចំណែកជាច្រើន ដល់ការពង្រីកអន្ដរការីយកម្មហិរញ្ញវត្ថុ»។

លោកអគ្គទេសាភិបាលបានបន្ដទៀតថា ការកើនឡើងគួរឲ្យកត់សម្គាល់ នៃវិស័យធនាគារនៅកម្ពុជា បានធ្វើឲ្យវិនិយោគិនបរទេស ជាច្រើនបានឈាន​ជើងចូលមកវិនិយោគជាបន្ដបន្ទាប់ ជាស្ដែងដូចក្នុងថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ​ របស់ចិនបានចូលមកប្រតិបត្តិការ នៅក្នុងប្រទេស​កម្ពុជា។

ការចូលមករបស់ធនាគារពាណិជ្ជ ឈីហ្វ នាពេលនេះបានឆ្លុះបញ្ចាំង​បន្ថែមពីជំនឿទុកចិត្ត និងការគាំទ្រ រួមចំណែកកាន់តែច្រើន របស់​វិនិយោគិន​បរទេស មកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលជាទិសដៅមួយនៃគោលនយោបាយអភិវឌ្ឍនវិស័យធនាគារ និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោក សឿង ម៉ូរ៉ារិទ្ធី នាយកប្រតិបត្តិនៃធនាគារពាណិជ្ជឈីហ្វ បានថ្លែងឲ្យដឹងថា ធនាគារពាណិជ្ជ ឈីហ្វ បានទទួលអាជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជា ​សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេសនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ្ ឆ្នាំ២០១៣ ដោយសារការកើនឡើងនៃសេវាកម្មធនាគារ ធនាគារពាណិជ្ជ​ ឈីហ្វ ត្រូវបានលើកទឹកចិត្ត ដើម្បីពង្រីកសេវាកម្ម។

លោកបានថ្លែងបន្ដទៀតថា នាគារពាណិជ្ជឈីហ្វ បានផ្ដល់សេវាផ្សេងៗជូនអតិថិជនដូចជា៖ គណនេយ្យប្រាក់បញ្ញើ, ប្រាក់កម្ចីជាបុគ្គុល, ប្រាក់កម្ចី​ពាណិជ្ជកម្ម និងហិរញ្ញវបទានពាណិជ្ជកម្មជាដើម ដែលមានលក្ខណៈពិសេសគួរឲ្យទាក់ទាញ។ លើសពីនេះទៀត ធនាគារពាណិជ្ជឈីហ្វ នឹងណែនាំ​កាតឥណទាន និងកាតឥណទានពន្ធផ្ទាល់ នាពេលអនាគត៕