(ព្រៃវែង)៖ ​លោក ជា សុមេធិ អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋចំនួន២០១៤បណ្ណ ស្មើនឹង៧០២គ្រួសារ នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក ជា សុមេធី ក៏បានណែនាំដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ បានខិតខំវាស់វែងដីធ្វើកម្មសិទ្ធិជូន ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឱ្យបានទាន់ពេលវេលា និងបន្តខិតខំដោះស្រាយនូវរាល់ទំនាស់ដីធ្លីនៅមូលដ្ឋាន ជូនប្រជាពលរដ្ឋ មិនត្រូវទុកអូសបន្លាយយូនោះទេ។

លោក ជា សុមេធី បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវថែរក្សាទុកដាបណ្ណកម្មសិទ្ធិនេះ ឱ្យបានល្អកំឱ្យរហែក ឬខូចខាតពីព្រោះបណ្ណកម្មសិទ្ធិនេះ មានតម្លៃណាស់សម្រាប់ទុកជាកេរ្តិ៍មរតកទុកចែកកូន ចែកចៅនៅថ្ងៃអនាគត ជាពិសេសដីដែលមានបណ្ណកម្មសិទ្ធិ ធ្វើឱ្យតម្លៃដីនៅលើទីផ្សារ កាន់តែមានតម្លៃខ្ពស់។

សូមបញ្ជាក់ថា នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដែលជាតំបនស្មុគស្មាញបំផុតត្រូវបានលោក ជា សុមេធី បានដោះស្រាយដោយទទួលបានជោគជ័យ និងបានចេញបណ្ណកម្មសិទ្ធជូនចំនួន២០១៤ បណ្ណជួនប្រជាពលរដ្ឋនៅភូមិស្វាយអន្ទរទី១ ប្រជាពលរដ្ឋបានសំដែងនូវការសប្បាយរីករាយ និងដឹងគុណចំពោះលោក ជា សុមេធី ដែលបានខិតខំពុះពារដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិជូនពូកគាត់ យកទៅប្រើប្រាស់តាមតម្រូវការ៕