(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅទូទាំងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ពួកគាត់នឹងទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ​ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចបន្ដធ្វើជានាយករដ្ឋមន្ដ្រី ព្រោះពួកគាត់ស្រលាញ់សន្ដិភាព និងការអភិវឌ្ឍ។

ការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋនៅភូមិចំនួន៦ទូទាំងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ត្រូវបានធ្វើឡើងក្នុងឱកាស លោក ហួម តាំងហឿត ប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី បន្ដចុះជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត ជាបន្ដបន្ទាប់រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងឱកាសនោះ លោក ហួម តាំងហឿត បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារសំខាន់នៃគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ សម្តេច​តេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

លើសពីនេះ លោកប្រធានក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកា នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងជួយជំរុញចលនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។

គួររំលឹកដែរថា ការរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដែលបានប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលធម្យមកម្រិតទាប កាលពីឆ្នាំ២០១៦។

សម្រាប់អាណត្តិទី៦ ខាងមុខគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តជំរុញប្រទេសកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ តាមរយៈការបន្តអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ និងទូលំទូលាយ រួមមាន៖ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងវិស័យអទិភាពផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងធានាបែងចែងកំណើនជូនប្រជាជន ប្រកបដោយសមធម៌៕​