​(សៀមរាប)​៖ អភិបាលខេត្តសៀមរាប​លោក ឃឹម ប៊ុនសុង នៅថ្ងៃទី២២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានចែកបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាង១,០០០គ្រួសារ នៅភូមិ​ត្រពាំសេះ, ភូមិវាល, និងភូមិទក្សិណត្បូង សង្កាត់គោកចក ចំនួន​២០៥០ក្បាលដី។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចនវត្ថុ គឺមានសំខាន់ណាស់​ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ក្នុងលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រោះប្រទេសយើងចប្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកនៅក្រុងសៀមរាប រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ បានខិតខំជម្រុញ និងបំពេញតួនាទី ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលបណ្ណកម្មសិទ្ធិ ឲ្យបានឆាប់រហ័ស ទោះក្នុងពេលខ្លះមានលក្ខណៈស្មុគស្មាញ និងទំនាស់ក៏ដោយ​។

បើតាមលោកអភិបាលខេត្តសៀមរាប តែសម្រាប់ភូមិសាស្ត្រខេត្តសៀមរាប បញ្ហាដីធ្លី គឺ​ត្រូវតែមានការសិក្សា ស្រាវជ្រាវឲ្យបានច្បាស់លាស់ និងតាមលក្ខណៈបច្ចេកទេស ព្រោះកន្លែងខ្លះជាតំបន់ប្រាសាទ តំបន់បេតិកភ័ណ្ឌ និងកន្លែងបុរាណដ្ឋាន ហើយទីតាំងខ្លះ​គឺសម្រាប់បម្រើប្រយោជន៍ ដល់សាធារណៈ​ផងដែរ។

បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងទេសរដ្ឋមន្ដ្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង ដែលកន្លងមក​លោកបានប្រកាសថា ការបិទផ្សាយត្រូវធ្វើក្នុងរយៈពេលខ្លីបំផុត គឺឥឡូវមានរយៈពេលតែពីរអាទិត្យ ​នេះ​ជាការពេញចិត្តពេញថ្លើមណាស់ ចំពោះ​ប្រជាពលរ​ដ្ឋ។

លោកបានគូសបញ្ជាក់ថា ​កម្មសិទ្ធិនេះ គឺជាកេរ្តិ៍ដំណែលសម្រាប់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងកូនចៅជំនាន់ក្រោយ ដែលក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវកម្មសិទ្ធិច្បាស់លាស់ និងការការពារតាមផ្លូវច្បាស់​។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីនៅព្រឹកមិញនេះ បានធ្វើការប្ដេជ្ញាចិត្តថានឹងទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លូនស្រលាញ់ពេញចិត្ត និងដើម្បីរក្សាសន្ដិភាព បន្ដការអភិវឌ្ឍនាវាកម្ពុជា តបតាមការអំនាវពាវរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

សូមបញ្ជាក់ថា ជាលទ្ធផល នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងបីភូមិ ដូចខាងក្រោម៖ ១​៖ភូមិត្រពាំងសេះ មានសរុបចំនួន​១,៣៣១ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន​១,១០១បណ្ណ, ២៖ភូមិទក្សិណខាងត្បូង មានសរុបចំនួន​១,០៤៧ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន​៩០៦ប័ណ្ណ, ៣៖ភូមិវាល មានសរុបចំនួន ៧៥ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន​៤៣ប័ណ្ណ។

ចំពោះក្បាលដីនៅសល់ពុំទាន់អាចចេញបណ្ណបានទាំងបីភូមិសរុប ចំនួន​៤០៣​ក្នុងនោះរួមមាន៖ គ្មានទិន្នន័យចំនួន​១៥៤ក្បាលដី ទំនាស់ព្រំចំនួន​០២ក្បាលដី ជាប់តំបន់២ អាជ្ញាធរអប្សរាសរុបចំនួន​៨០ក្បាលដី ជាប់ពាក់ព័ន្ធបុរាណដ្ឋានចំនួន​១៥៨ក្បាលដី កាត់ផ្លូវអស់ចំនួន​២ក្បាលដី និងជាប់បណ្តឹងទប់​ស្កាត់ចំនួន​០៣ក្បាលដី។

ចំពោះក្បាលដីគ្មានទិន្នន័យ មន្ទីរនឹងសហការ​ទំនាក់ទំនងជាមួយម្ចាស់ក្បាលដី ឲ្យមកធ្វើការចុះ​បញ្ជីដី និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល ស្របតាមនិតិវិធីដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ​ការងារដែលនៅសេសសល ​លោកអភិបាលខេត្ដ បានណែនាំឲ្យមន្ទីរជំនាញពន្លឿនដោះស្រាយ និងបានថ្លែងអំណរគុណ ​ប្រជា​ពលរដ្ឋដែលបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ​៕​