(ភ្នំពេញ)៖ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៨នេះ ក្រសួងព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប និងក្លឹបអ្នកការសែនតកម្ពុជា បានរៀបចំរៀបចំកិច្ចពិភាក្សាលើ «តួនាទីអ្នកសារព័ត៌មាន និងព័ត៌មានក្លែងបន្លំ ទាក់ទិននឹងដំណើរការបោះឆ្នោត ឆ្នាំ២០១៨»។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, លោក កៃ គឹមសុខ ប្រធានប្រតិបត្តិការសែតខ្មែរថាម, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងលោក គី សុខលីម ស្ថាបនិកសារព័ត៌មានអេឡិចត្រូនិចថ្មីៗ ព្រោះទាំងតំណាងស្ថាប័នសារព័ត៌មានមកពីស្ថាប័នមួយចំនួនទៀតយ៉ាងច្រើនកុះករ នៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

ជាមួយគ្នានឹងការរៀបចំវេទិកានេះ លោក ឌឹម សុវណ្ណារុំ បានថ្លែងថា ក្នុងនាមលោកតំណាងឱ្យ គ.ជ.ប ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន Fake News នេះគឺ គ.ជ.ប ជាស្ថាប័នបច្ចេកទេស និងជាស្ថាប័នច្បាប់ គ.ជ.ប គ្មានជម្រើសអ្វីក្រៅពីធ្វើកិច្ចការរបស់ខ្លួនជាលក្ខណៈបច្ចេកទេសសុទ្ធសាធ គោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ដែលពាក់ព័ន្ធ នឹងមាត្រា៤១នៃរដ្ឋធម្មនុញ្ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួន, សិទ្ធិសេរីភាពខាងសារព័ត៌មាន, សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ ជនណាក៏ដោយមិនអាចឆ្លៀតយកសិទ្ធិនេះ ដោយរំលោភដេលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

លោក ឌឹម សុវណ្ណារុំ បានបន្តថា ពាក់ព័ន្ធច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា១៤២ បានចែងយ៉ាងច្បាស់ចំពោះជនណា ដែលប្រើគ្រប់មធ្យោបាយទុច្ចរឹត នឹងត្រូវផាកពិន័យជាប្រាក់ពី៥លានរៀល ទៅដល់២០លានរៀល។ លោកបានបន្តថា​ មធ្យោបាយទុច្ចរឹតរួមមាន៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត, រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឱ្យឃោសនាបោះឆ្នោតតាមការកំណត់, ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់លើការបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, បង្កការរំខានមិនឱ្យការបោះឆ្នោតបាន, បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត និងទិញសន្លឹកឆ្នោតដោយសម្ភារ ឬប្រាក់កាក។

លោកបានបន្ថែម ពាក់ព័ន្ធករណីនេះ Fake News នេះ គ.ជ.ប នឹងអនុវត្តច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែលប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត ដែលធ្វើឱ្យមានឧបសគ្គដល់ការបោះឆ្នោត គ.ជ.ប នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់នៅក្របខ័ណ្ឌដែលបានចែងនៅក្នុងច្បាប់ផងដែរ។

ទទ្ទឹមនឹងនេះលោក ប៉ែន បូណា បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មានមិនពិត Fake News មិនឱ្យកើតមាននៅក្នុងសង្គមខ្មែរ ជាពិសេសជិតដល់ដំណាក់កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ដែលនឹងឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ អ្នកសារព័ត៌មានទាំងអស់មានតួនាទីសំខាន់ចំនួន៣គឺ៖

ទី១៖ គឺយើងមិនត្រូវនាំគ្នាបង្កើតព័ត៌មានមិនពិត (Fake News) ណាមួយដែលនាំឱ្យប៉ះពាល់ដល់ជំនឿរបស់មហាជនដល់អ្នកសារព័ត៌មាន ជាពិសេសប៉ះពាល់ដល់សង្គមជាតិផងដែរ។

ទី២៖ ប្រសិនបើមានព័ត៌មាន Fake News វា Post ឡើងក្នុងនាមយើងជាអ្នកសារព័ត៌មានអាជីពមិនគប្បីយកទៅផ្សព្វផ្សាយបន្តដោយ មិនបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ ដោយចាត់ទុកថាព័ត៌មាន Fake News នេះជាព័ត៌មានពិតនោះទេ ទាំងនេះវាជាគ្រោះថ្នាក់ណាស់សម្រាប់អាជីពរបស់យើង និងមានគ្រោះថ្នាក់ដល់មហាជនផងដែរ។

ទី៣៖ អ្នកសារព័ត៌មានអាជីពត្រូវចូលរួមបន្សាបព័ត៌មាន Fake News ដែលកើតឡើង ដោយត្រូវរកព័ត៌មានផ្សេងទៀត ដើម្បីពន្យល់ដល់មហាជនថា​នេះជាព័ត៌មានមិនពិតនោះទេ ជាព័ត៌មានក្លែងក្លាយដូច្នេះមហាជនមិនត្រូវជឿនោះទេ៕