(បន្ទាយមានជ័យ)៖​ លោក​ កែ គឹមយ៉ាន ​សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ​ ម៉ាល័យ​ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ​ផ្លូវខេត្តលេខ២៥៦៣ ប្រវែង២២,៣គីឡូម៉ែត្រ ភ្ជាប់ពីថ្មពួក​ ផ្លូវជាតិលេខ៥៦​ ទៅដល់បឹងត្រកួនផ្លូវជាតិលេខ៥៨​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ី​ (ADB)​។

ក្នុងឱកាសនោះ​ ​លោក កែ គឹមយ៉ាន បានបន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ប្រជាពលរដ្ឋ​​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមចំនួន៤១០០នាក់ និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មាន​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្ដេច​ពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត។

លោក កែ គឹមយ៉ាន បានបន្ថែមថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ​ប្រទេសជាតិមានការរីកចម្រើន​លើគ្រប់វិស័យ​ ​ប្រែក្លាយតំបន់វាយប្រយុទ្ធគ្នា ទៅជាតំបន់អភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋនៅរស់សុខសាន្ត សម្បូរសប្បាយជាមួយ​សន្តិភាព​ សន្តិសុខពេញផ្ទៃប្រទេស​ មានផ្លូវគមនាគមន៍ កាន់តែសម្បូរខ្វាត់ខ្វែង​ពាសពេញ និ​ងជុំវិញប្រទេសដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងស្រួលចំណេញពេលវេលាទាំងការដឹកជញ្ជូន​កសិផល និងដំណើរកម្សាន្ដ។

ជាមួយគ្នានេះ​ លោក​​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់ នៃគ្រូសារអ្នកស្រុកថ្មពួក ដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាព​ជាមួយរាជរដ្ឋាភិបាល​ដឹកនាំដោយ សម្តេចតេជោ ហ៊ុន​ សែន​ ហើយសូម​ប្រជាពលរដ្ឋទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោត ថ្ងៃទី២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨​ ជ្រើសយកគណបក្សណាដែល​ពេញចិត្ត ដើម្បីការរីកចម្រើនក្នុងមូលដ្ឋាន​ជាបន្តទៀត​៕