(ប៉ៃលិន)៖ ការដ្ឋានកសាងផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននិងកំពុងដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ខណៈផ្លូវលំចំនួន២ខ្សែទៀត នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន រដ្ឋបាលខេត្តក៏កំពុងរៀបចំផែនការកសាងបន្ថែមផងដែរ។

ដំណឹងដ៏ពេញចិត្តសម្រាប់ប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិននេះ ត្រូវបានឱ្យដឹងក្នុងឱកាសអភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល ចុះពិនិត្យការដ្ឋានកសាងផ្លូវលំមួយខ្សែ នៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយមានការសំណូមពររបស់ប្រជាពលរដ្ឋ នាពេលកន្លងមក អំពីការលំបាកក្នុងធ្វើដំណើរ និងដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សានៅលើកំណាត់ផ្លូវលំ១ខ្សែនេះ ដូច្នេះអាជ្ញាខេត្តបានបើកការដ្ឋានកសាងផ្លូវ១ខ្សែនេះជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យបានងាយស្រួល។

លោកអភិបាលខេត្តបានបញ្ជាក់ថា ហេដ្ឋារចនាសម្ពន្ធរូបវ័ន្តនានាបានកសាងឡើងស្ទើរគ្រប់តំបន់ មិនថានៅទីប្រជុំជន ឬទីជនបទនោះទេ ដែលទាំងនេះ គឺមកពីស្រុកទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះ ត្រូវចូលរួមថែរក្សាដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ព្រមទាំងជួយផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា។ លោកបានក្រើនរឭកដល់ប្រជាពលរដ្ឋ កុំភ្លេចអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ផ្លូវលំដែលបើកការដ្ឋានកសាងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។ វាគឺជាប្រភេទផ្លូវលំក្រួសល្បាយថ្មភ្នំ មានប្រវែង៥៦០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់សំណង់លូអង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៨ម៉ែត្រ ចំនួន២កន្លែង ដែលជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិទួលខៀវ និងភូមិបរឌិននៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោយជួបការលំបាកជាច្រើនឆ្នាំមកហើយ។

នៅថ្ងៃដដែលនេះ លោកអភិបាលខេត្តប៉ៃលិន ក៏បានចុះពិនិត្យមើលផ្លូវលំចំនួន២ខ្សែទៀត នៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បន្ទាប់ពីមានសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីគ្រោងផែនការសម្រាប់ធ្វើការកសាងបន្ថែមទៀត នាពេលខាងមុខ៕