(ភ្នំពេញ)៖ លោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រី​ អាជ្ញាធរដែនដី​ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌដង្កោ​ និងបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ​ ក៏ដូចជាអាជ្ញាធរដែនដីត្រៀមមធ្យោបាយ​ និងសម្ភារ:ជួយប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ​ លោកអភិបាល​ និងក្រុមមន្ត្រី ក៏បានឆ្លៀតចូលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងការលិចលង់ផ្ទះសម្បែងផងដែរ​។ ក្រោយពីពិនិត្យស្ថានភាពទឹក​ និងក្ដាប់បានបញ្ហាហើយ​លោកអភិបាល បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ​ អាជ្ញាធរដែនដី​ ត្រូវរួមគ្នាគិតគូរដោះស្រាយ​ និងដាក់ចេញវិធានការចាំបាច់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋរងគ្រោះ និងត្រូវរៀបចំទីទួលមានសុវត្ថិភាព និងទីតាំងស្នាក់ការកាកបាទក្រហម​ ដែលអាចដាំស្លរួមគ្នាបាន​ ដើម្បីសម្រួលការលំបាកដល់ប្រជាពលរដ្ឋនៅពេលទឹកលិចផ្ទះសម្បែង រៀបចំឲ្យមានពេទ្យប្រចាំការនៅទីតាំងរងគ្រោះ​ ដើម្បីផ្តល់សេវាសុខាភិបាលជូនពួកគាត់។

ពាក់ព័ន្ធទំនប់៧មករា​ ដែលជាទំនប់សណ្តស្ទឹងព្រែកត្នោត និងមានរន្ធនាគមានទឹកហូរក្រោមទំនប់ផងនោះ លោក​ ឃួង ស្រេង បានជំរុញឲ្យមន្ទីរធនធានទឹកប្រើគ្រឿងចក្របិទភ្លាមៗ ជៀសវាងទុកឲ្យទឹកហូរច្រោះរហូតផ្តាច់ទំនប់។ ក្រៅពីនេះ​ លោកអភិបាល ក៏បានបញ្ជាឲ្យបញ្ជូនតង់មួយចំនួន​ប្រគល់ជូនប្រជាពលរដ្ឋ​ ដែលចាកចេញពីលំនៅដ្ឋានមករស់នៅបណ្តោះអាសន្នលើទីទួលសុវត្តិភាពផងដែរ។

យោងតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន​ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា នេះ សង្កាត់ដែលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺសង្កាត់សាក់សំពៅ មាន ៦ភូមិ ស្មើនឹង ៤៥៤គ្រួសារ៕