(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតែរក្សាបានភាពល្អប្រសើរ ខណៈដែលការឃោសនាមានភាពផុលផុស ព្រោះជាថ្ងៃចុងសប្តាហ៍ តែមិនមានអំពើហិង្សាកើតឡើងនោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅព្រលប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ដែរថា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងសរុបចំនួន ១៧ករណី។ ក្នុងនោះ ១០ករណី បានដោះស្រាយរួចរាល់ និង៦ករណីទៀតកំពុងដោះស្រាយ ហើយ១ករណី ប្តឹងមកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺឈានមកដល់នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្តាហ៍ក្រោយនេះ៕