(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ​ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ បានជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធ​ជន​ដែល​ជា​ជន​ពិការ​ចំនួន ​២៥​នាក់​ នៅស្រុក​កំពង់​ស្វាយ​ និង​ក្រុងស្ទឹងសែន​ នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ។

បន្ទាប់ពីលោកប្រធាមសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានជម្រាបពីសកម្មភាពការងាររបស់សមាគមអតីតយុទ្ធជននៅ​គ្រប់លំដាប់ថ្នាក់ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​បម្រើ​អតីត​យុទ្ធ​ជន​ ដូច​ជា​ការ​បើ​កប្រាក់បេឡាមរណសង្គ្រោះ​ ការ​ព្យាបាល​ជំងឺ​ជូន​អតីត​យុទ្ធ​ជន​ ការ​សាងសង់​ជម្រកស្នាក់នៅ​ និង​ការ​ជួយ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ជូន​អតីត​យុទ្ធ​ជន​ដែល​មាន​ការ​ខ្វះ​ខាត។

អតីតយុទ្ធជនយើងទាំងអស់គ្នាមានការសប្បាយចិត្ត ដែល​មាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​គ្រប់​លំដាប់ថ្នាក់​ បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​គាត់​កន្លង​មក​នេះ​ ហើយ​​បាន​ប្តេជ្ញា​ចិត្ត​នាំក្រុមគ្រួសារទៅបោះឆ្នោត​ឱ្យបាន​គ្រប់​ៗគ្នា​ ស្រប​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ និង​ព្រះ​មហាក្សត្រ​ដែល​ជា​ទី​គោរព​សក្ការ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំឭកអតីត​យុទ្ធ​ជន​​ជន​ពិការ ឱ្យត្រៀមខ្លួនទៅបោះឆ្នោតឱ្យ​បាន​គ្រប់​ៗគ្នា​ នាថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាងមុខ៕