(កំពង់ធំ)៖ នៅពេលបានឃើញស្ថានភាពគ្រួសារ និងអាការជំងឺមហារីករបស់លោកស្រី ហៀង ហិន ហើយ លោកអ្នកប្រាកដជាកើតអារម្មណ៍នឹកសង្វែកអាណិតអាសូរជាមិនខាន ដូច្នេះហើយសូមសប្បុរសជនទាំងឡាយ មេត្តាជួយយកអាសារដល់គ្រួសារពលរដ្ឋអភ័ព្វមួយនេះផង។

លោកស្រី ហៀង ហិន និងគ្រួសារ ជាប្រជាពលរដ្ឋរស់នៅភូមិម្រាកខ (ម្រាក.ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានកើតជំងឺមហារីកសុដន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការចំណាយធនធានតិចច្រើនក្នុងគ្រួសារ សម្រាប់ព្យាបាលជំងឺដ៏កាចសាហាវនេះ ក៏បានចំណាយអស់រលីងហើយដែរ ប៉ុន្តែអាអកុសលអាការជំងឺនៅតែមិនព្រមធូរស្បើយ ពោលមានតែធ្ងន់ធ្ងរទៅៗ រហូតដល់ពេលនេះ ជីវភាពគ្រួសារក៏កាន់តែដុបដាប់ទៅៗ។

ហេតុដូច្នេះហើយ ទើបស្ត្រីរងគ្រោះរូបនេះ ព្រមទាំងគ្រួសារ និងញាតិមិត្តអ្នកជិតខាង លើកដៃប្រណមដង្ហើយរកសប្បុរសជនជិតឆ្ងាយជួយយកព្យាបាលជំងឺដ៏រ៉ាំរៃមួយនេះ ទុកគ្រាន់ជួយយកអាសារក្នុងនាមជាប្រជាពលរដ្ឋដូចគ្នា។

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក វណ្ណៈ សោភានិត ក៏បានចង្អុលបង្ហាញទៅកាន់មន្ត្រីក្រោមឱវាទ ឱ្យនាំយកអំណោយដែលជាការជួយរបស់សប្បុរសជន មានអង្ករ៥០គីឡូក្រាម ភេសជ្ជៈ និងថវិកាចំនួន ៧០០,០០០រៀល។

លោក វណ្ណៈ សោភានិត បញ្ជាក់ថា ការជួយឧត្ត្ថម្ភនេះមិនមែនជាលើទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ ព្រោះលោកស្រីដែលមានជំងឺប្រចាំកាយនេះ គឺជាជំងឺហារីកពិបាកក្នុងការព្យាបាល។ ហើយការជួយឧត្ថម្ភនេះ គឺដើម្បីជួយសម្រួលដល់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងដើម្បីលើកទឹកចិត្តឱ្យក្រុមគ្រួសារមានពេលវេលាបន្តការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនអស់សង្ឃឹមក្នុងជីវិត។

បើថ្វីដ្បិតមិនអាចជួយក្នុងការរស់នៅរបស់ពួកគាត់ជារៀងរហូតក៏ដោយ តែយ៉ាងហោចណាស់ក៏បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនពិតប្រាកដ។

លោកបន្តថា សកម្មភាពនេះមិនមែនមានតែនៅក្នុងស្រុកប្រាសាទបល័ង្កនោះទេ គឺមាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ ចំពោះខេត្តកំពង់ធំ មានលោក សុខ លូ ជាអភិបាលខេត្ត តែងតែផ្តល់នូវអនុសាសន៍ និងមានការចង្អុលបង្ហាញមកកាន់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរមូលដ្ឋានដែលនៅជិតប្រជាពលរដ្ឋពិតប្រាកដនេះឯង។

ជាមួយគ្នានេះ លោកស្រី ហៀង ហិន និងស្វាមី ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអាជ្ញាធរ និងសប្បុរសជន ដែលជួយឧត្ថម្ភដល់គ្រួសាររបស់គាត់ ហើយគាត់និងក្រុមគ្រួសារនឹងមិនភ្លេចគុណនេះនោះឡើយ៕