(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគល់ទោចក្រយានយន្ដដល់ប៉ុស្តិ៍រដ្ឋបាលចំនួន ១០២ប៉ុស្តិ៍ នៅទូទាំងខេត្តបាត់ដំបង ដោយក្នុងមួយប៉ុស្តិ៍ទទួលបានទោចក្រយានយន្ដ ១គ្រឿង។

ក្នុងឱកាសនោះ លោកស្នងការ អ៊ុច សុខុ ក៏បានផ្ដាំផ្ញើដល់នគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាបន្ថែមទៀត ដោយមិនត្រូវប្រកាន់់និន្នាការនយោបាយ និងសាសនានោះឡើយ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមជានគរបាលជាតិ ត្រូវខិតខំការពាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរជូនដល់ពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ព្រោះនគរបាលប៉ុស្តិ៍ គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវតែថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានសំណូមពរដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវចេះថែរក្សាទោចក្រយានយន្តដែលថ្នាក់លើប្រគល់ជូនឱ្យបានល្អ កុំយកទៅធ្វើអ្វីឱ្យខុសពីវិជ្ជាជីវៈរបស់ខ្លួន ត្រូវយកទៅប្រើប្រាស់ក្នុងក្របខណ្ឌបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីជៀសវាងការរិះគន់៕