(បាត់ដំបង)៖ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំប​ង នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំគ្នា​ជិះកង់ដង្ហែក្បួន សរុប១,០០០គ្រឿង បន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដឹកនាំដោយលោក ងួន រតនៈ អនុប្រធានគណបក្ស ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ខេត្ត​។​

លោក ងួន រតនៈ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ ក្រុមយុវជនគណបក្សប្រជាជនខេត្តបាត់ដំបង បាននាំគ្នាបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី​៦ ដែលមានថ្នាក់ដឹកនាំ យុវជនបក្សមកពីបណ្តាសាកលវិទ្យាល័យនានា ជុំវិញខេត្ត ដោយនាំគ្នាហែក្បួនកង់១,០០០ និងអ្នកជិះចំនួន១,០០០នាក់ ដោយចាប់ផ្តើមក្បួនហែរពីគណបក្សខេត្ត ទៅតាមផ្លូវនានាតាមការគ្រោងទុកដោយជោគជ័យ។

លោកប្រធានយុវជនបក្សខេត្ត បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនបានធ្វើយុទ្ធនាការ នៅតាមបណ្តាស្រុកឃុំនានា ជាបន្តបន្ទាប់ទៅតាមការគ្រោងទុកដោយ ឡែកនារសៀលថ្ងៃនេះ តាមកម្មវិធី គឺបន្តធ្វើយុទ្ធនាការនេះបានហែរក្បួនកង់ ដោយកម្លាំងយុវជនទាំងអស់ នៅក្នុងក្បួននេះ​យុវជនទាំងអស់បានស្រែកជ័យឃោសនិងបានបង្ហាញពីគោលនយោបាយ សំខាន់ៗ របស់គណបក្សប្រជាជន​កម្ពុជា ដើម្បីទទួលការគាំទ្រពីប្រជាពលរដ្ឋ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ បន្តដឹកនាំប្រទេសប្រកបដោយសន្តិភាព និងការអភិវឌ្ឍ​បន្ថែមទៀត។

នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ​ យុវជនបក្សទាំងអស់បានប្តេជ្ញាចិត្ត ដូចៗគ្នាថា ​នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី២០ នៅក្រោមគេខាងស្តាំដៃ។ បន្ទាប់ពីបានហែក្បួនកង់ជុំវិញក្រុងបាត់ដំបងចប់ លោក ងួន រតនៈ បានសំណេះសំណាល និងថ្លែងអំណរគុណដល់យុវជន ដែលបានចូលរួមទាំងអស់នាថ្ងៃនេះផងដែរ៕