(សៀមរាប)​៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តសៀមរាប នៅព្រឹកថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំយុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» ជាថ្មីម្ដងទៀត ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព» តាមរយៈការប្រកួតបាល់បោះ​ ហើយកម្មវិធីនេះក៏រៀបចំ​ដើម្បីអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី បាល់បោះរបស់ ស.ស.យ.ក កម្ពុជាខេត្ត ដែលទើបនឹងទទួលបានជយ លាភីលេខ​១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នាពេលកន្លងទៅ​។

ពិធីបើកការប្រកួតនាព្រឹកនេះ បានរៀបចំនៅក្លឹបកីឡាយុវជន ដែលរយៈពេល២ថ្ងៃ ក្រោម​អធិបតីភាពរបស់លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ, អង្គភាព, ស្ថាប័នមួយចំនួន, ក្រុមកីឡាករ, គណៈកម្មការរៀបចំការប្រកួត, សិស្សានុសិស្ស, យុវជនអង្គរ, ក្រុមគ្រួសារ ស.ស.យ.ក, និងតំណាងក្រុមហ៊ុន ខេមប្រ៊ូវ ធេមផលគ្រុប អិនណូធេលិធី​ផងដែរ និងដោយមានការឧបត្ថម្ភពីរដ្ឋបាលខេត្តសៀមរាប, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, Temple Group, Innotality, និងក្រុមហ៊ុនភេជ្ជៈ Pepsi​។

លោក សំកុល សុចិត្រា អនុប្រធាន​ស.ស.យ.ក ខេត្តសៀមរាប បានថ្លែងថា គោលបំណងនៃការរៀបចំការប្រកួតបាល់បោះ ៣ទល់៣ នាពេលនេះ គឺដើម្បីឲ្យ​យុវជន មហាជន និង​ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ងាកមកចាប់អារម្មណ៍ចំពោះ ការលេងកីឡា ដើម្បីសុខភាពរបស់ខ្លួនផង និងដើម្បីបង្កើតមិត្តភាព សាមគ្គីភាពទៅវិញទៅមកផង សំដៅធ្វើយ៉ាងណាឲ្យយុវជនជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងបញ្ហាប្រឈមមួយចំនួន ដែលអាចជះឥទ្ធិពលមិនល្អ ដល់អនាគតរបស់ពួកគាត់។

លោកអភិបាលខេត្តរងសៀមរាប ក៏បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមអបអរសាទរ ចំពោះក្រុមកីឡាករ កីឡាការនី បាល់បោះរបស់​ស.ស.យ.ក កម្ពុជាខេត្ត ដែលទើបនឹងទទួលបានជយលាភីមេដៃមាស ថ្នាក់លេខ១ ទាំងផ្នែកបុរស និងនារី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នាពេលកន្លងមកនេះ នៅពហុកីឡាដ្ឋានជាតិ​នៅភ្នំពេញ​។

ក្នុងនោះលោកអភិបាល នឹងរកពេលវេលាសមស្របមួយ ក្នុងពេលឆាប់ៗនេះ ដើម្បីបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមកីឡាករ កីឡាការិនី និងប្រាប់រួមគ្នាងាកមកលេងកីឡាទាំងអស់គ្នា ព្រោះកីឡាមិនត្រឹមតែបាននាំមកនូវសុខភាពរឹងមាំ និងមិត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបាននាំឲ្យយុវជន ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងបញ្ហាប្រឈមមួយចំនួនផងដែរ​ ហើយការប្រកួតនេះ គឺជាការហ្វឹកហាត់បន្ថែមទៀត ក្នុងការបង្កើនសមត្ថភាព សម្រាប់ការចូលរួមប្រកួតនៅថ្នាក់ជាតិ និងក្នុងតំបន់នាពេលអនាគត​ផងដែរ​៕​