(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានផ្តល់បទសម្ភាសន៍ដល់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបានលើកឡើងថា ថ្មីៗនេះមានម្ចាស់គណនី Facebook មួយដែលមានឈ្មោះ «ហៀង ផ្កាយព្រឹក» បានបង្ហោះវីដេអូរិះគន់មកលើករណីបង្ក្រាបការភ្នាល់ល្បែង បង្ក្រាបក្រុមអ្នកជល់មាន់តាមទូរទស្សន៍ ដែលផ្សាយផ្ទាល់ពីបរទេស និងភ្នាល់ដាក់លុយស៉ីសងខុសច្បាប់ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះឈ្មោះ ជា កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ។

លោកស្នងការរងបានឲ្យដឹងថា ផ្ទះខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបចំនួន៤ដងរួចមកហើយ ដោយម្ចាស់ផ្ទះមិនព្រមរាងចាលឡើយ៖ ទី១-បង្រ្កាបករណី ជល់សត្វមាន់ភ្នាល់ចាក់លុយ, ទី២-ចាប់បើកល្បែងកន្ទុយលេខ, ទី៣-ជល់មាន់តាមទូរទស្សន៍, និងទី៤-លេងល្បែងអាប៉ោង ការបើកល្បែងស៊ីសងខុសច្បាប់។ ទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ជាសម្លេងហ៊ោកញ្ជ្រៀវ រហូតមានប្រជាពលរដ្ឋបានប្តឹង មកសមត្ថកិច្ចជាញឹកញាប់ទើបឈានទៅបង្ក្រាប។ ហើយការបង្ក្រាបចុងក្រោយ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសហការណ៍នឹងកម្លាំងនគរបាលស្រុកសំរោងទង ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។

ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួន១៩នាក់ ដកហូតម៉ូតូចំនួន ២៥គ្រឿង។ ជាមួយគ្នានោះ ក៏មានឈ្មោះ កៅ សុខហៀង ជាម្ចាស់គណនី «ហៀង ផ្កាយព្រឹក» ដែលបានបង្ហោះវីដេអូរិះមកលើសមត្ថកិច្ចរឿងនេះ។ ម្ចាស់គណនី Facebook «ហៀង ផ្កាយព្រឹក» បានលើកឡើងថា នគរបាលបានឃាត់ខ្លួនមនុស្សទាំងអស់ ដោយទាំងអ្នកអង្គុយផឹកកាហ្វេទៀត។

ករណីនេះ លោកស្នងការរងបានឆ្លើយតបថា នៅក្នុងប្រតិបត្តិការណ៍សមត្ថកិច្ចមិនទាន់ អាចបែងចែកអ្នកណាជាអ្នកផឹកកាហ្វេ អ្នកណាជាអ្នកលេងល្បែងទេ តែក្រោយពីស្រាវជ្រាវសមត្ថកិច្ច ដោះលែងអ្នកមិនពាក់ព័ន្ធឲ្យទៅផ្ទះវិញចំនួន២នាក់ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាដែរ។ ចំពោះការលើកឡើងថា ហេតុអ្វីបានជាប៉ូលីស មិនបង្ក្រាបកន្លែងផ្សេងៗជាច្រើនទៀត ស្នងការរងបានឆ្លើយតបថា កន្លែងណាក៏ ត្រូវតែបង្ក្រាបដែរ តែជាក់ស្តែងសមត្ថកិច្ចដោះស្រាយកន្លែងដែលមានបណ្តឹង និងរងផលប៉ះពាល់ជាអាទិភាពមុនគេហើយបន្តបង្ក្រាបទីតាំងផ្សេងៗបន្ថែម។

លោកស្នងការរងបានលើកឡើងដោយមិនទទួលយក ដែលថា ចាប់យកពួកគេមកដាក់គុកងងឹត នេះជាការលើកឡើងដោយគ្មានភាពសច្ចធម៌ទាល់តែសោះ។ មនុស្សទាំង ១៩នាក់ មួយចំនួនបានទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង និងមួយចំនួនយកមកស្នងការខេត្ត ហើយអ្នកទាំងនោះ គឺសម្រាកជាមួយកម្លាំងនគរបាល ខាងក្រៅមន្ទីរឃុំឃាំង ៤៨ម៉ោងទាំងអស់។ ហើយការលើកឡើងថា នគរបាលជំរិតទារលុយពីករណីបង្ក្រាបនេះ ម្តងថា២០០ដុល្លារអាមេរិក ម្តងថានគរបាលយកមកឲ្យវិញ ១០០ដុល្លាអាមេរិកនេះ គឺជាចោទប្រកាន់មកលើសមត្ថកិច្ចដោយគ្មានសំអាង តែចំពោះជំនាញនគរបាល បានធ្វើកិច្ចសន្យាអប់រំទទួលទោសកំហុស និងសារភាពឈប់ប្រព្រឹត្តល្បែងស៊ីសងទាំងនេះថែមទៀត។

ដោយឡែកឈ្មោះ កៅ សុខហៀង បានចោទថា នគរបានប្រើពាក្យអសុរស គំរោះគំរើយមកលើពួកគាត់ដោយប្រការមិនសមរម្យ លោកស្នងការរងបានថ្លែងថា លោកអរគុណចំពោះ ការឲ្យដឹងអំពើអសីលធម៌នេះរបស់កម្លាំងនគរបាល ហើយលោកនឹងស្រាវជ្រាវជាបន្ទាន់លើករណីនេះ បើសិនជារកឃើញកំហុសទាំងនោះ ហើយជាក់ប្រព្រឹត្តដូចការលើកឡើង ស្នងការនគរបាលខេត្ត និងពិន័យតាមបទបញ្ជា ០០៦របស់នគរបាលជាតិភ្លាម។

លោកស្នងការរងបានបញ្ចាក់ថា ការបង្រ្កាបល្បែងស៊ីសង គឺជាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រដ្ឋាភិបាល ហើយរាល់ការបង្ក្រាបរបស់សមត្ថកិច្ច តែងមានការគាំទ្រពីមហាជន អ្នកដែលមិនស្រឡាញ់ការលេងល្បែង ហើយក៏មិនសប្បាយចិត្តពីអ្នកញៀនល្បែងដែលត្រូវបង្ក្រាបនោះដែរ ដូច្នេះស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវឲ្យប្រជាពលរដ្ឋមេត្តាឈប់បើកល្បែងស៊ីសងខុសច្បាប់ ហើយគេចចេញឲ្យឆ្ងាយពីកន្លែងមានការបើកល្បែងខុសច្បាប់ផងដែរ។

នៅប្រទេសកម្ពុជា ការលេងល្បែងស៊ីសងជាអំពើល្មើសច្បាប់។ ប៉ុន្តែល្បែងស៊ីសងអាចលេងទៅបាន លុះត្រាមានការអនុញ្ញាតពីស្ថាប័នរដ្ឋ មានន័យថា ល្បែងស៊ីសងអាចលេងទៅបាននៅកន្លែងដែលរដ្ឋអនុញ្ញាតឲ្យ ដូចជានៅក្នុងកាស៊ីណូជាដើម។ ជនណាដែលរឹងទទឹងលេងល្បែងស៊ីសងដោយមិនមានការអនុញ្ញាតត្រូវមានទោស៕