(កំពង់ចាម)៖ ក្នុងឱកាសឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត​១,០០០នាក់ ក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលរួមសុខទុក្ខ និងដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋ ពិសេសប្រឹងប្រែងរក្សាសុខសន្ដិភាពជូនជាតិមាតុភូមិ។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏រឹងមាំ របស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, លោកមិនដែលទុកកូនចៅប្រជាពលរដ្ឋយើងមួយរូបណា ចោលនោះឡើយ ក្រោយពីសង្គ្រោះប្រទេសជាតិ ឆ្លងផុតពីរបប​ប្រល័យពូជ​សាសន៍ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីឆ្នាំ១៩៧៥មក ដែលធ្វើឲ្យជាតិទាំងមូល រស់ឡើងវិញ និងទប់ស្កាត់មិនឲ្យរបបឃោរឃៅនេះ វិលត្រឡប់មកវិញជាដាច់ខាត ព្រមទាំង​ការតស៊ូបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ​ បង្កលក្ខណៈសម្បត្តិឲ្យប្រទេសជាតិមានការរីក​ចម្រើន អភិវឌ្ឍ ពិសេសធ្វើឲ្យជីវភាពប្រជាជន កាន់តែបានធូរធារជាលំដាប់។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា «ការប្រឹងប្រែងធ្វើទាំងអស់នេះ បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា អត់សន្យានោះទេ គឺរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ រកគ្រប់វិធីសាស្ដ្រ ដើម្បីជួយប្រជាជន និងអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន។ ជាក់ស្ដែង យើងខ្ញុំទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីមានសមត្ថកិច្ច ប្រធានក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ដ ថ្នាក់ស្រុក ចុះជួយពុកម៉ែបងប្អូន នៅស្រុកជើងព្រៃ គឺគិត ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយមិន​បាច់សន្យានោះទេ គឺធ្វើតែម្ដង ហើយក៏គ្មានការព្រៀងទុកអីដែរ ធ្វើម៉េចជួយប្រជាជនបានភ្លាមៗតែម្ដង ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន ដែលលោកតែងតែផ្ដាំផ្ញើថា ត្រូវមើលសុខទុក្ខជូនប្រជាជនឲ្យអស់លទ្ធភាព ដែលនេះជាស្មារតីទទួលខុសត្រូវ ចំពោះជាតិ ចំពោះព្រះមហាក្សត្រ និងប្រជាពលរដ្ឋយើង»

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងទៀតថា ដូចនេះដើម្បីរួមគ្នារក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍ ជូនប្រទេសជាតិ សូមបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីការអភិវឌ្ឍសម្រាប់អនាគតត្រចះត្រចង់របស់យើងទាំងអស់​គ្នា និងកូនចៅយើងជំនាន់ក្រោយបន្តទៅទៀត។

គួរបញ្ជាក់ថា កាលថ្ងៃទី២០កក្កដា ម្សិលមិញនេះ លោកបណ្ឌិត ម៉ាឈឿន និងអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ក៏បានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជាក់ស្ដែងភ្លាមៗ ដល់កម្មករជិត៣០០នាក់នៅរោងចក្រ កាលីតុន ក្នុងស្រុកជើងព្រៃ ដែលដួលសន្លប់ ដោយ​ភ័យខ្លាចរឿងឆ្លងចរន្ដអគ្គិសនី​ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ ជួយសង្គ្រោះឲ្យបានម៉ត់ចត់​បំផុត​ ដល់បងប្អូនកម្មករផងដែរ។

សូមជម្រាបថា នៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះ មានកម្មករ ២០,៣៩០នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។ បើសិនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត តំណាងរាស្ដ្រមណ្ឌលកំពង់ចាម នឹងនាំមកនូវរោងចក្រឲ្យកាន់តែច្រើន ហើយឆ្នាំក្រោយនេះ រោងចក្រ ត្រូវការកម្មករជាង១ម៉ឺននាក់ សម្រាប់ស្រុកជើងព្រៃ ថែមទៀត, និងទិញកសិផលស្រូវ ពីបងប្អូនកសិករ ក្នុងតម្លៃសមរម្យ, ដោះស្រាយការលំបាក របស់ពុកម៉ែបងប្អូន នៅស្រុកជើងព្រៃ ជារៀងរាល់ថ្ងៃផងដែរ៕