(ស្វាយរៀង)៖ ​លោក ហ៊ឹម ឆែម ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុកជាមួយ​ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សស្ថិតនៅក្នុងភូមិតាម៉ៅ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង​ដោយផ្ទាល់។

ស្ថិតក្នុងឱកាសនោះផង លោក​ប្រធានក្រុមការងារ បានសាកសួរសុខទុក អំពីសុខភាព ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋសព្វថ្ងៃ មានការរីកចម្រើនយ៉ាងណាដែរ និងបាន​នាំនូវការសាកសួរសុខទុកអំពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ថ្នាក់នាំទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ជូន​ប្រជាពលរដ្ឋទាំងអស់ និងជនរួមជាតិទាំងមូលដោយសេចក្តីនឹករលឹកបំផុត។

លោក ហ៊ឹម ឆែម ​ក៏បានលើកឡើងអំពីការជួយដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋរួមមាន​៖ បានចេញសេចក្តីសម្រេចអនុញ្ញាត ឲ្យក្រុមអាជីវករលក់នៅតាមផ្សារលើដីរដ្ឋ អាចគ្រប់គ្រងតូបរបស់ខ្លួនពេញមួយជិវិត ហើយអាចផ្ទេរទៅកូនចៅបានថែមទៀតផង និងអាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបានដោយពុំមានកំណត់អាណត្តិនោះឡើយ និងបានតម្លើងប្រាក់បៀវត្ស និងប្រាក់ខែជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង​កម្មករ កម្មារិនី​។

ជាមួយគ្នានោះ​ ក្រុមការងារ ក៏បានពន្យល់ណែនាំ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេច​តេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕