(ត្បូងឃ្មុំ)៖ លោកជំទាវ សៅ ទី ហេងសំរិន ភរិយារបស់សម្តេចពញាចក្រី ហេង សំរិន និងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមការងារចុះជួយថ្នាក់ខេត្ត ជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដង្ហែទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនព្រះសង្ឃ នៅវត្តវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក វង សូត អនុប្រធានក្រុមការងារចុះជួយថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការដង្ហែទៀនព្រះវស្សា យកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោក វង សូត បានថ្លែងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម។

លោក វង សូត បន្ថែមទៀតថា ក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវកាយផ្លូវចិត្តឲ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង៕