(ព្រះវិហារ)៖ កាលពីថ្ងែទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៨ សាស្ត្រាចារ្យ និស្សិតនិងយុវជនកាកបាទក្រហមនៃសាកលវិទ្យាល័យអាចំនួន៤៣នាក់ បានរៀបចំកម្មវិធីបោះជំរុំនិងដាំកូនឈើប្រចាំឆ្នាំ នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ប្ញស្សីត្រឹប ដែលស្ថិតនៅក្នុភូមិសាស្ត្រ ស្រុកឆែប ខេត្តព្រះវិហារ។

កម្មវិធីនេះដឹកនាំលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកគង់ វិរៈ ប្រធានការិយាល័យសិក្សានៃនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងគោលបំណងសំខាន់ ផ្សារភ្ជាប់ការសិក្សាពីថ្នាក់របស់និស្សិតជាមួយនឹងជីវភាពរស់របស់ប្រជាជន នៅតាមសហគមន៍ជនបទ, ផ្តល់ឱកាសដល់និស្សិតបានចូលរួមស្វែងយល់និងអនុវត្តក្នុងកិច្ចការអភិរក្សព្រៃឈើនិងបរិស្ថាន, ក៏ដូចគ្នានឹងការចូលរួមស្វែងយល់អំពីគុណតម្លៃកេរដំណែលធនធានវប្បធម៌ ប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងធនធានសក្តានុពលសំខាន់ៗផ្សេងៗទៀតនៅក្នុងឧទ្យាន។ និងគោលបំណងពិសេសេមួយទៀត គឺដើម្បីពង្រីកការសមត្ថភាពរបស់និស្សិត ជាពិសេស និស្សិតដែលរៀនមុខវិជ្ជាទេសចរណ៍និងគ្រប់គ្រង ឱ្យចេះរៀបចំកិច្ចការស្រាវជ្រាវ (Assignment)និងធ្វើរបាយការណ៍អំពីការស្រាវជ្រាវរបស់ខ្លួន ជូនសាស្ត្រាចារ្យ ដើម្បីវាយតម្លៃ។

ក្រុមនិស្សិត និងយុវជនកាកបាទក្រហម បានទៅទស្សនា និងសិក្សាឈ្វេងយល់ នៅគោលដៅសំខាន់ៗដូចជា សហគមន៍របស់ប្រជាជននៅភូមិដងផ្លិត ស្ថានីយជលដ្ឋានបុរាណ ទីសក្ការៈ និងស្ថានីយស្លដែកបុរាណ ដែលមានតម្លៃខាងប្រវត្តិសាស្ត្រ, បុរាណវិទ្យា និងដែលមានអាយុកាលច្រើនជាង១០០០ឆ្នាំ រួមទាំងបានអង្កេតយល់ដឹងអំពីវប្បធម៌ ប្រពៃណីច្បោះជ័រ  តំបន់ធនធានព្រៃឈើ សត្វព្រៃ ថ្នាលបណ្ដុះកូនឈើ និងឈ្វេងយល់អំពីវត្ថុសិល្បៈធ្វើពីស្លឹកខ្ជែង។

នេះបញ្ជាក់ពីចំណេះដឹង របស់ប្រជាពលរដ្ឋ ដូចជា បោងដងទឹក ផ្លិតបក់ សោងដាក់ក្ដាម, បុរាណវត្ថុ ដូចជា តាឡែកដែលជាបំពង់ខ្យល់ធ្វើពីដីដុតសម្រាប់ស្លរំលាយដែក  និងផល្លានុផលព្រៃឈើមួយចំនួន ដូចជា ផ្លែពង្រ, ទំពាំងបាយជូរព្រៃ, ផ្លែបាក់ដង, ផ្លែភ្លូ, ផ្លែកកោះ, ផ្លែធ្នង់, ផ្លែញព្រៃ, ផ្លែចំបក់, ផ្លែប្រង់, ផ្លែម្ជូស្នា, ទំពាំង, ផ្លែអកកន្ទក់(ក្តក្រឡិត), ស្លឹកថ្នឹង, ស្លឹករងៀង, និងផ្លែឈើដទៃទៀត ដែលអាចហូបបាននិងហូបមិនបាន រួមទាំងប្រភេទផ្កាស្មៅព្រៃ ដូចជា ផ្កាត្រថុក, ផ្កាត្របែកព្រៃ, ផ្កាទឹកដោះ, ផ្កាបាយក្ដាំង, ផ្កានិងមើមជង្គង់មាន់ និងប្រភេទកូនឈើសំខាន់ៗដូចជា ក្រញូង, នាងនួន, បេង, ធ្នង់គគីរ, កកោះ, ច្រេស, ត្រសេក, ស្រឡៅ, ឈើទាល, គីនីន (គ្រាប់បែក), អង្កត់, ព្រីង និងប្រង់។

ក្រៅពីនោះ និស្សិតបានចូលរួមដាំកូនឈើចំនួន២៤៧ ដើមឡើងវិញ នៅក្នុងតំបន់ដីដែលបានឈូសរានព្រៃដោយក្រុមហ៊ុនចំការអំពៅចិន។

ឯក្រុមការងារឧទ្យាន ក៏បានជួយជ្រោមជ្រែង ឱ្យមានការរៀបចំបោះជំរុំ ដោយមានការស្នាក់នៅក្នុងតង់ ដុតភ្លើងគុប ព្រមទាំងមានកម្មវិធីប្រកួតល្បងប្រាជ្ញាឆ្លើយនឹងសំណួរទាក់ទងទៅនឹងការយល់ដឹងអំពីឧទ្យាន ក៏ដូចជាអំពីសាកលវិទ្យាល័យ ដោយមានកម្មវិធីច្រៀងចម្រៀងឧទ្យាននិងរាំកំសាន្តតាមចង្វាក់ប្រពៃណីជាតិ ប្រកបដោយភាពរីករាយ និងភាតរភាព ។

ក្រុមការងារឧទ្យាន ក៏បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីនេះ និងថ្លែងអរគុណជាពន្លឹក ចំពោះកម្មវិធីនៃការចូលរួមរបស់យុវជន ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា យុវជននឹងក្លាយជាមិត្តរបស់ឧទ្យាន ហើយចូលរួមបន្តផ្សព្វផ្សាយអំពីឧទ្យានថែមទៀត។ ហើយតទៅមុខ ឧទ្យាននឹងមានផែនការរៀបចំកម្មវិធីបន្តទៀត ដោយមានការចូលរួមពីសាកលវិទ្យាល័យជាច្រើនថែមទៀត  ដែលបានចុះអនុសារណៈយោគយល់គ្នាកន្លងមកនិងជាបន្តបន្ទាប់ ដូចជា សាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យវេស្ទើន, សាកលវិទ្យល័យបៀលប្រាយ, និងសាលាជាតិកសិកម្មព្រែកលៀប...។

នៅគ្រានោះដែរ លោកបណ្ឌិត សាកលវិទ្យាធិការបានមានប្រសាសន៍ថា ‹‹ការដឹកនាំនិស្សិតមកចូលរួមដាំកូនឈើនិងបោះជំរុំតង់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ប្ញស្សីត្រឹប នាថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តរបស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំពោះអនុសារណៈយោគយល់គ្នារវាងសកលវិទ្យាល័យ និងឧទ្យាន ដែលបានព្រមព្រៀង និងហត្ថលេខារួមគ្នាកន្លងមក និងក៏ជាផ្នែកមួយឆ្លើយតប ទៅនឹងការបំពេញឱ្យកាន់តែសម្រេចថែមទៀត នូវផែនការយុទ្ធសាស្ត្ររបស់ឧទ្យានដែលបានកំណត់ដាំកូនឈើឡើងវិញនៅឆ្នាំនេះឱ្យបានចំនួន៥០ហិកតា។ តទៅមុខទៀត សាកលវិទ្យាល័យនឹងបន្តកម្មវិធីនេះ ដោយនាំនិស្សិតមកចូលរួមសកម្មភាពអភិរក្សបរិស្ថានព្រៃឈើនិងឈ្វេងយល់អំពីប្រពៃណីវប្បធម៌ ក្នុងតំបន់ឧទ្យាននេះឱ្យបានកាន់តែច្រើនថែមទៀត››៕