(ភ្នំពេញ)៖ លោក ហេង​ សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះថា នាពេលនេះ ភាគីកម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពគ្នាលើកពេលប្រឡងធ្វើតេស្តភាសាកូរ៉េ (EPS TOPIK) របស់ពលករខ្មែរ ដែលគ្រោងធ្វើនាថ្ងៃទី៣០ ខែកក្កដានេះហើយ។

លោកបានអះអាងថា ការប្រឡងធ្វើតេស្តភាសាកូរ៉េដល់ពលករខ្មែរចំនួន៦៤០នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នោះ ត្រូវបានភាគីទាំងពីរលើកពេល ទៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨វិញ។

លោកសង្ឃឹមថា បេក្ខជនទាំង៦៤០នាក់ដែលត្រូវប្រឡងធ្វើតេស្តសមត្ថភាពភាសាកូរ៉េ EPS TOPIK នៅពេលខាងមុខនេះ នឹងទទួលជ្រាបជាព័ត៌មាន។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជានិងកូរ៉េ ពលករខ្មែរបានចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ ប៉ុន្តែពលករត្រូវឆ្លងកាត់ការធ្វើតេស្តភាសាកូរ៉េដែលរៀបចំដោយ អង្គភាពអភិវឌ្ឍធនធានមនុស្ស (HRD Korea) នៃក្រសួងការងារកូរ៉េជាមុនសិន៕