(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្តេចយាយ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅរសៀលថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៨ ទ្រង់បានបន្តប្រទានព្រះរាជទ្រព្យ ១១,០០០ដុល្លារអាមេរិកបន្ថែមទៀត ដល់សមាគមតន្ត្រីសំនៀងជនពិការភ្នែក របស់លោក ចាប តូ។

ក្រៅពីព្រះរាជទ្រព្យចំនួន ១១,០០០ដុល្លារអាមេរិកនោះ សម្តេចម៉ែក៏បានប្រទានបន្ថែមទៀត រួមមាន៖ ថ្នាំពេទ្យចំនួន១កេះ, អង្ករ៥បាវ (១បាវស្មើនឹង៥០គីឡូក្រាម) និងសាប៊ូម្សៅ២កេះ (១កេះស្មើនឹង៤០កញ្ចប់) ដល់សមាគមតន្ត្រីសំនៀងជនពិការភ្នែកផងដែរ ដែលថវិកា និងសម្ភារទាំងនេះ ត្រូវបានប្រគល់ជូនសមាគម ដោយព្រះរាជលេខាសម្តេចម៉ែផ្ទាល់។

លោក ចាប តូ បានថ្លែងថា កាលពីពេលថ្មីៗនេះ សមាគមតន្ត្រីសំនៀងជនពិការភ្នែក ក៏បានទទួលព្រះរាជទ្រព្យពីសម្តេចយាយចំនួន ២៥,០០០ដុល្លារអាមេរិក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៨០,០០០ដុល្លារអាមេរិក ដើម្បីទិញដីសាងសង់ មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញជនពិការ។

គម្រោងសាងសង់អគារស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗដល់ជនពិការនេះ គ្រោងចំណាយថវិកាប្រមាណ ២០០,០០០ដុល្លារអាមេរិក ហើយក្រៅពីព្រះរាជអំណោយ របស់សម្តេចយាយ និងការឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចទៅ ការសាងសង់កន្លែងស្នាក់នៅនេះ ក៏មានចូលរួមឧបត្ថម្ភពីសប្បុរសជននានា ជាច្រើនរូបផងដែរ ដែលលោកសង្ឃឹមថា អគារនេះនឹងសាងសង់រួចឆាប់ៗ នាពេលខាងមុខដ៏ខ្លីនេះ។

បើតាមលោក ចាប តូ កន្លងមកនេះ សមាគមបានជួលផ្ទះគេស្នាក់នៅជាក្រុម ទទួលទានរួមគ្នា ចំណូលបានមកពីការចេញប្រគុំតន្ត្រីតាមរាជធានីខេត្ត ដោយប្រើឧបករណ៍ភ្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់ឲ្យសមាគមគិតជាតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។ ក្នុងន័យនេះ លោក ចាប តូ សូមថ្លែងអំណរអរព្រះគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចយាយ,​ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ ដែលបានព្រះរាជប្រទាន និងជួយដល់សមាគមរបស់លោក។

បុរសពិការភ្នែករូបនេះ សូមក្រាបថ្វាយព្រះពរ និងថ្វាយពរដល់សម្តេចយាយ, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ សូមមានព្រះជន្ម និងអាយុជាងរយវស្សា និងសូមថ្វាយព្រះពរព្រះកាយពលពលមាំមួន និងសុខភាពល្អបរិបូណ៌ជានិច្ច។

សូមជម្រាបថា សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ ដោយលោក ចាប តូ ដែលជាជនពិការភ្នែកមើលមិនឃើញ។​ សមាគមនេះមានទីតាំងស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ។

អគារស្នាក់នៅ និងបណ្តុះបណ្តាលជំនាញជនពិការ កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជារាងអក្សរ L មាន១ជាន់ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន១៥ ហើយអគារអាចផ្ទុកមនុស្សស្នាក់នៅបាន ៦០ទៅ៨០នាក់។ បើតាមគម្រោងដែលបានគ្រោងទុក អគារនេះមានបន្ទប់ជំនាញចំនួន ៤បន្ទប់ សម្រាប់បង្រៀនចម្រៀងសម័យ ភ្លេងនិងចម្រៀងបុរាណ ព្រមទាំងមានបន្ទប់ម៉ាស្សា ចង្រ្កានបាយ រោងបាយរូម ឆាកសម្តែង កន្លែងទទួលភ្ញៀវមកទស្សនកិច្ចជាដើម។

អគារខាងលើសង់រួចរាល់ នឹងផ្តល់ផលប្រយោជន៍សម្រាប់ជនពិការភ្នែក មិនមែនតែក្នុងមណ្ឌលនេះទេ តែជនពិការនៅតាមបណ្តាខេត្តក៏អាចមកស្នាក់នៅ និងរៀនហាត់ជំនាញដើម្បីរកចំណូលចិញ្ចឹមជីវិត បានផងដែរ៕