(ភ្នំពេញ)៖ ស្របពេលវិស័យអចលនទ្រព្យកម្ពុជា ពិសេសតាមតំបន់ជាយក្រុងមានការរីកចម្រើនខ្លាំង គេសង្កេតឃើញមានតម្រូវការកម្ចីខ្នាតតូចជាច្រើនបានកើតឡើង ហើយទន្ទឹមជាមួយគ្នានេះ ក៏មានការចាប់អារម្មណ៍ប្រើប្រាស់សេវាធានារ៉ាប់រងលើកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗផងដែរ។ ដោយហេតុនេះ បានជំរុញឲ្យក្រុមហ៊ុន 7NG ឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនមាតារ៉ាប់រង ភីអិលស៊ី ដើម្បីធ្វើឲ្យអតិថិជនរបស់ខ្លួន កាន់តែមានទំនុកចិត្ត និងកក់ក្ដៅថែមទៀត។

លោក ចិន្ដ ច័ន្ទរតនា អគ្គនាយកក្រុមហ៊ុន អាយ-អាយ ស៊ីធី និងនគរបុរី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន 7NG បានថ្លែងក្នុងពិធីចុះ MOU ស្ដីពី «កិច្ចសហការផ្ដល់ធានារ៉ាប់រងជូនអតិថិជនទិញអចលនទ្រព្យ» នាល្ងាចថ្ងៃទី២០ ខែកក្កដានេះថា តាមរយៈកិច្ចសហការនេះ លោកជឿជាក់អតិថិន នឹងកាន់តែជឿជាក់ ជាមួយនឹងការប្រើប្រាស់សេធានារ៉ាប់រងកម្ចីខ្នាតតូចរបស់មាតា ដើម្បីធានាឲ្យការសងបំណុលរបស់អ្នកខ្ចីគ្មានហានិភ័យ ក្នុងករណីពួកគេជួបបញ្ហាដូចជាស្លាប់ដោយគ្រោះថា្នក់ ឬរបួសមិនអាចរកប្រាក់ចំណូលបានជាដើម។

លោកបន្ដថា ដោយសារក្រុមហ៊ុនខ្លួនមានផ្ទៃដីប្រមាណ ១៣,០០០ហិកតា សម្រាប់អភិវឌ្ឍន៍លើគម្រោងជាច្រើន ពិសេសគម្រោងដីឡូត៍ ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ ទើបក្រុមហ៊ុនសម្រេចសហការជាមួយក្រុមហ៊ុនមាតាធានារ៉ាប់រង ហើយក្នុងនោះមិនត្រឹមតែអតិថិជនថ្មីៗនោះទេ សូម្បីអតិថិជនចាស់ៗ ក៏អាចប្រើប្រាស់សេវានេះបានដែរ។ ដូច្នេះលោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះគម្រោងអភិវឌ្ឍន៍របស់ 7NG នាពេលអនាគតនឹងកាន់តែរីកចម្រើន ខណៈគម្រោងដីឡូត៍ជាង ៤ម៉ឺនឡូត៍ បានលក់អស់ជិត ៨០% ហើយ។

ដោយឡែក លោក ខែម សារី នាយកក្រុមហ៊ុនមាតារ៉ាប់រង បានបញ្ជាក់ថា ហានិភ័យក្នុងការខ្ចីប្រាក់ ដើម្បីទិញអចលនទ្រព្យ នឹងលែងក្លាយជាកង្វល់របស់អតិថិជន ព្រោះក្រុមហ៊ុនធានាសំណងលើបំណុលរបស់អ្នកខ្ចី ក្នុងករណីពួកគេមានគ្រោះថ្នាក់ ឬមានជំងឺដល់ស្លាប់ ឬមិនអាចរកចំណូលបាន។ ចំពោះប្រាក់កម្ចី នៃសេវាធានារ៉ាប់រងកម្ចី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យក្រុមហ៊ុនការពារក្នុងមួយគោលនយោបាយក្នុងទំហំទឹកប្រាក់ ៥,០០០ដុល្លារ។ ដូច្នេះមិនត្រឹមតែអ្នកមានធនធាននោះទេ សូម្បីប្រជាពលរដ្ឋទូទៅក៏អាចប្រើបានសេវាបានដែរ៕