(ភ្នំពេញ)៖ និវត្តជន មន្ត្រីធ្លាក់ខ្លួនពិការ និងបាត់បង់សមត្ថភាពការងារ របស់មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្ដែងនូវការដឹងគុណ និងសូមថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្រេចបញ្ចូលពួកគាត់ ចូលក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ដើម្បីទទួលបានរបបសោធន ដូចទៅនឹងមន្រ្តីយោធាកងយោធពលខេមរភូមិន្ទដែរ​។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា បានរៀបចំប្រកាស​បញ្ចូលក្របខ័ណ្ឌ​យោធា បំពាក់ឋានន្តរស័កិ្ត​ និងគ្រឿងឥស្សរយយស ជូននិវត្តជន ជនពិការ និងបាត់បង់ សមត្ថភាពការងារ របស់ស៊ីម៉ាក់ចំនួន២៧១នាក់ ដើម្បីឲ្យពួកគាត់ ទទួលបានរបបសោធន ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយអង្គភាពសារព័ត៌មាន Fresh News និវត្តជនមួយរូប ដែលត្រូវបានសម្ដេចតេជោ បញ្ចូលចូលក្នុងក្របខ័ណ្ឌ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលោកបានខិតខំជួយឲ្យពួកគាត់ ជាបុគ្គលិកស៊ីម៉ាក ដែលចូលនិវត្ដនេះ បានចូលក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ដែលអាចមានប្រាក់បៀវត្សរ៍ទៅមុខទៀត។

និវត្តជនមួយរូបទៀត បានថ្លែងថា «ចាប់តាំងពីខ្ញុំចូលនិវត្ដមក...ថាគ្មានសង្ឃឹមទេ គ្មានសង្ឃឹមទាល់តែសោះ តែឥឡូវនេះ បានសម្ដេចតេជោ ហ៊ុ​ន សែន ជួយ និងលោក ហេង​ រតនា អគ្គនាយកស៊ីម៉ាក បានជួយគិតគូរមកលើយើងខ្ញុំ ដែលមានវ័យចំណាស់ បានឲ្យមានលុយវិវត្ដ និងចិញ្ចឹមជីវិត ទៅថ្ងៃអនាគត»

និវត្តជនដដែលរូបនេះ ក៏សូមថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និងលោកអគ្គនាយកស៊ីម៉ាក ដែលបានជួយគិតគូរដល់ពួកគាត់ និងក្រុមគ្រួសារកូនចៅទាំងអស់ សូមថ្លែងអំណរអរគុណ។

ជាមួយគ្នានេះ និវត្តជនរូបនេះ បានឲ្យដឹងដែរថា លោកនឹងទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ពីព្រោះការបោះឆ្នោត ខាងមុខនេះ វាមានសារសំខាន់ណាស់ និងសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទៅបោះឆ្នោត ព្រោះវាគឺជាកាត្វពកិច្ច របស់យើងទាំងអស់គ្នា។

បើតាមលោក ហ៊ុន ម៉ានិត បានលើកឡើងថា ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយក្តីស្រមៃចង់បានរបស់និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារ របស់ស៊ីម៉ាក់ ឲ្យទទួលបានការបញ្ចូលក្របខ័ណ្ឌ បានទទួលផលប្រយោជន៍របបសោធ យ៉ាងពិតប្រាកដ មិនមែនជាការស្រមើស្រមៃឡើយ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា នេះគឺជាការតបស្នងសងគុណ ចំពោះនិវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងាររបស់ស៊ីម៉ាក់ ដែលប្រឹងប្រែងបំពេញការងារប្រថុយគ្រោះថ្នាក់ ដើម្បីរំដោះផ្ទៃដីដែល មានមីននៅកម្ពុជាកន្លងមក។

លោក ហេង រតនា បានថ្លែងថា ការប្រកាសបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសថ្ងៃនេះ ក៏បានបង្ហាញកាន់តែច្បាស់ថែមទៀត ជូនមតិជាតិ និងអន្ដរជាតិ ចំពោះការលើកកម្ពស់ ស្ថានភាព សង្គមកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការបន្ដពង្រឹងសំណាញ់សុខុមាលភាពសង្គម ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនជារួម ស្របទៅតាមការរីកចម្រើនខាងសេដ្ឋកិច្ច និងលទ្ធភាពរបស់ រាជរដ្ឋាភិបាល។

លោកអគ្គនាយកបានបញ្ជាក់ថា និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារ របស់ស៊ីម៉ាក់ ប្រកាសបញ្ចូលក្របខ័ណ្ឌយោធា អាចនឹងទទួលបានរបបសោធន នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដោយហេតុថា នៅមាននីតិវិធីច្រើនទៀត ត្រូវបំពេញ៕