(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ​ នៅសណ្ឋារគារ៧មករា ​មានកិច្ចប្រជុំបូកសរុបសកម្មភាពគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ គង្វាល​ សមាជិក-សមាជិកា នៃគ្រីស្ទបរិស័ទទូទាំងខេត្តកំពង់ចាម។

នាឱកាសនោះ លោក គួច​ ចំរើន​ បានលើកឡើងថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជនរួមជាតិ ដែលបានកាន់សាសនាផ្សេងៗ ដោយមិនប្រកាន់សាសនាមួយឡើយ​ ដូចនៅពេលនេះ សាសនាគ្រីស្ទបរិស័ទ ក៏បានដើរតួក្នុងការកសាងខ្លួន​ ឲ្យមនុស្សប្រព្រឹត្តអំពើល្អ ដើម្បីឲ្យសង្គមមានរីកចម្រើន និងសុខសាន្តកាន់តែប្រសើរឡើង។

លោកបានលើកឡើងថា ប្រសិនបើប្រទេសមានសង្គ្រាមនោះច្បាស់ណាស់​ និងគ្មានសាសនាណាមួយកើតមានឡើយ​ ដោយសារមុនថ្ងៃរំដោះ ៧មករា ១៩៧៩​ គ្រប់សាសនាគ្រប់ជាតិសាសន៍ រស់នៅស្ថិតក្នុងភាពភ័យខ្លាច​ គ្មានសេរីភាព ដូចបច្ចុប្បន្ននេះឡើយ។

លោក គួច​ ចំរើន​ បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានខិតខំប្រឹងប្រែង លើវិស័យសាសនា ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ​ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍អប់រំមនុស្សឲ្យធ្វើអំពើល្អជានិច្ច។

ជាមួយគ្នានោះ អភិបាលខេត្តកំពង់ចាម បានស្នើសូមដល់គ្រប់វិហារគ្រីស្ទបរិស័ទទាំងអស់​ គ្រប់ទីកន្លែង​ ជាពិសេសលោកគ្រូ-អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនតាមវិហារ​ ត្រូវបន្ថែមធ្វើការផ្សព្វផ្សាយ ដោយបញ្ជៀសនូវ បញ្ហាគ្រោះថ្នាក់ចរាចរ​ និងបញ្ហាគ្រឿងញៀនឲ្យកាន់តែច្រើន មិនថានៅទីណាឡើយ​ ព្រោះដើម្បីកាត់បន្ថយគ្រោះផង និងកាត់បន្ថយអត្រាអ្នកស្លាប់បន្ថែមទៀតផង៕