(ប៉ៃលិន)៖ នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអប់រំផ្សព្វផ្សាយដល់អាជីវករលក់ដូតាមផ្សារ និងនៅតាមសាលារៀននានា ក្នុងក្រុងប៉ៃលិន ដើម្បីចូលរួមជួយលើកកម្ពស់សុខភាព និងផលប៉ះពាល់ នៃការប្រើប្រាស់ទំនិញដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការបន្តចុះពិនិត្យទំនិញនេះ ស្ថិតក្នុងភូមិអូរច្រាកណ្តាល និងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូវខេត្តប៉ៃលិន បានថ្លែងថា ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកាំកុងត្រូល តែងតែណែនាំឱ្យមន្ត្រីជំនាញ ត្រូវសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ព្រមទាំងធ្វើការណែនាំអប់រំ ដល់សិក្សានុសិស្ស នៅតាមជនបទ ឲ្យយល់ដឹងអំពីការបរិភោគចំណីអាហារ ដែលប្រឈមប៉ះពាល់សុខភាព និងចំណីអាហារ ដែលមិនប៉ះពាល់សុខភាព ព្រមទាំងធ្វើការណែនាំអប់រំ ដល់សិស្សានុសិស្សនៅតាមសាលារៀននានា ទូទាំងខេត្តប៉ៃលិន។

លោកបានបន្តថា ក្នុងការបន្តចុះពិនិត្យនេះដែរ មន្ត្រីកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករឱ្យចៀសវាង ការដាក់តាំងលក់ទំនិញណា ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងណែនាំអាជីវករឱ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវាងនូវទំនិញហួស កាលបរិច្ឆេទប្រើប្រាស់កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញក្រសួងហាមឃាត់។ ជាមួយគ្នានេះដែរ មន្ត្រីកាំកុងត្រូល ក៏បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឱ្យបានយល់ដឹងអំពីផលវិបាកនានា ដែលកើតមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់។

ឆ្លៀតពេលនោះដែរ មន្ត្រីកាំកុងត្រូល ក៏បានបន្តចុះពិនិត្យតាមដានតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូដែលលក់ត្រឹមត្រូវ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែក៏មានដេប៉ូខ្លះលក់ទាបជាងតម្លៃ សេចក្តីជូនដំណឹងរបស់ក្រសួងផងដែរ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ក៏បានដកហូតនូវទំនិញខូចគុណមួយចំនួនមាន៖ ទឹកក្រូចជ័រ៤៨ដប, នំស្រួយ១០កញ្ចប់ធំ,ទឹកដោះគោជូ៦ប្រអប់, ស្កគ្រាប់១៩កញ្ចប់ និងម្ស៉ៅស៊ុបខ្នរ៩០កញ្ចប់តូច ផងដែរ៕