(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសង្កេតការណ៍បោះឆ្នោត របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាន គ.ជ.ប សូមធ្វើការណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចខាងក្រោម៖

ទី១៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោតដែលត្រូវបានទទួលស្គាល់ដោយ គ.ជ.ប មានសិទ្ធិបំពេញការងារ សង្កេតការណ៍ និងចេញសេចក្ដីថ្លែងការណ៍វាយតម្លៃ លើការបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោត។

ទី២៖ ក្នុងពេលចុះបំពេញការងារ ត្រូវពាក់ប័ណ្ណសម្គាល់ដែល គ.ជ.ប បានផ្ដល់ជូន។

ទី៣៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើកការបោះឆ្នោតបានឡើយ។

ជាមួយគ្នានេះ គ.ជ.ប បានគូសបញ្ជាក់ថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ដទៅបានដោយរលូនល្អ តាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឲ្យបានមានប្រសិទ្ធភាពខ្ពស់៕​