(កំពង់ចាម)៖ លោក ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត គឺជាអំពើក្បត់ឆន្ទៈប្រជាជន និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺបានប្រឆាំងសិទ្ធិពលរដ្ឋ និងប្រឆាំងព្រះរាជសារព្រះមហាក្សត្រ ដែលបានអំពាវនាវ ឱ្យប្រជាជនខ្មែរដែលមានឈ្មោះក្នុងបញ្ជី ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

លោក ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារបន្តចុះជួបសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនចំនួន៤០០០ពាន់នាក់ រួមទាំងសិស្សានុសិស្សដែលចូលរួមបោះឆ្នោត នៅស្រុកកងមាស ខេត្តកំពង់ចាម។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «អតីតមេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវកុំឱ្យប្រជាជនមិនទៅបោះឆ្នោត ដែលប្រឆាំងនឹងសិទ្ធិរបស់ប្រជាជន ហើយជាកាតព្វកិច្ចរបស់ប្រជាជនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេស។ ព្រះករុណាព្រះមហាក្សត្រ បានអំពាវនាវឱ្យប្រជាជនទៅបោះឆ្នោត។ ពួកគេបានប៉ះពាល់ព្រះកិត្តិយសព្រះមហាក្សត្រ ដោយនិយាយថា ព្រះអង្គស្ថិតក្រោមសម្ពាធ»

លោក ហោ ណាំហុង បានបន្ថែមទៀតថា នេះពី១ថ្ងៃទៅ១ថ្ងៃជនទុច្ចរិត សម រង្ស៊ី បានប្រព្រឹត្តអំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើងៗ ដោយចង់ធ្វើបដិវត្តន៍ពណ៌ ដែលមិនត្រឹមតែក្បត់ប្រជាជន មិនឱ្យទៅបោះឆ្នោតនោះទេ ថែមទាំងក្បត់ព្រះមហាក្សត្រទៀត។ ដូច្នេះអតីតបក្សប្រឆាំងរូបនេះ គឺមានទោសធ្ងន់ធ្ងរណាស់។

លោក​ហោ ណាំហុង បានលើកឡើងទៀតថា អ្វីដែលសំខាន់លើសពីនេះទៀត បានបង្ហាញឱ្យឃើញថា ការក្បត់ជាតិដ៏ឆ្កួតលីលា សម រង្ស៊ី គឺបានលួចចុះហត្ថលេខាកាត់ដី៤ខេត្តរបស់កម្ពុជា ឱ្យទៅជនជាតិភាគតិតវៀតណាមម៉ុងតេញ៉ា ឬដេកា បើខ្លួនបានឡើងកាន់អំណាច ក្នុងនោះខេត្តទាំង៤នេះរួមមាន៖ ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងផងដែរ។

លោកបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទណ្ឌិត សម រង្ស៊ី ដែលហ៊ានលួចចុះកិច្ចព្រមព្រៀងបែបនេះ៕