(ភ្នំពេញ)៖ លោក​​ ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ប្រសិនបើគ្មានការលះបង់របស់អ្នកដោះមីនទេ ប្រទេសកម្ពុជាក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណចំពោះ អ្នកដោះមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រថុយគ្រោះថ្នាក់ ដើម្បីបុព្វហេតុប្រទេសជាតិ។

លោក ហ៊ុន ម៉ានិត ថ្លែងបែបនេះ ក្នុងពិធីប្រកាសបញ្ចូលក្របខណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងពិការចំនួន២៧១នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចគ្នាក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូមថ្លែងអំណរគុណដល់ ពូ​ អ៊ុំ មីង បងៗទាំងអស់ ដែលបានធ្វើការពាក់ព័ន្ធនឹងមីន បើសិនជាគ្មានការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាទេ ការអភិវឌ្ឍប្រទេសរបស់យើងក៏គ្មានដូចសព្វថ្ងៃនេះដែរ។ ហើយការលូតលាស់របស់ប្រទេសមួយ បើសិនជាគ្មានការចូលរួមពីអ្នកទាំងអស់គ្នាទេ ប្រហែលជាយើងមិនមានការអភិវឌ្ឍដូចសព្វថ្ងៃដែរ»

លោកបន្តថា «ម៉្យាងទៀតក្មេងៗជំនាន់ក្រោយក៏ត្រូវដឹងគុណដល់ អ៊ុំ ពូ​ មីង ដែលប្រឈមនឹងគ្រោះថ្នាក់ ពេលដែលចុះទៅសម្អាតមីនម្តងៗនោះ មិនដឹងថាយើងអាចចេញពីតំបន់នោះដោយសុវត្ថិភាព ឬយ៉ាងណាទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងនាមជាយុវជនមួយរូបខ្ញុំមានឱកាស ដើម្បីឈរចំពោះមុខ អ៊ុំ ពូៗ ដើម្បីឈរថ្លែងអំណរគុណ ក្នុងការលះបង់ចំពោះបុព្វហេតុជាតិយើងតែម្តង»

នាយករងខុទ្ទកាល័យសម្ដេចតេជោរូបនេះ ក៏បានថ្លែងអំពាវនាវឲ្យដៃគូអន្តរជាតិ បន្តផ្តល់ជំនួយគាំទ្រដល់សកម្មភាពបោសសម្អាតមីនដល់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបាននូវជោគជ័យជាប្រវត្តិសាស្ត្រ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ានិត បានថ្លែងយ៉ាងដូច្នេះថា «តាំងនាមសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមរូបខ្ញុំផ្ទាល់ សង្ឃឹមទុកយ៉ាងមុតមាំទៅលើស្មារតី សហប្រតិបត្តិការពីបណ្តាដៃគូអ្នកផ្តល់ជំនួយ ដល់សកម្មភាពកម្ចាត់មីនទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិមេត្តាបន្ត ផ្តល់ជំនួយដល់កម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន ដែលជាបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យ និងឆ្លើយតបឲ្យបានទាន់ពេលវេលាលើតម្រូវការរបស់ប្រជាជន»

សូមជម្រាបថា ការបញ្ចូលក្របខណ្ឌបានប្រព្រឹត្តទៅជាផ្លូវការហើយសម្រាប់មន្រ្តីទាំងអស់ចំនួន ១.៧៧៣នាក់ ហើយជំហានទី១នេះ មានចំនួន២៧១នាក់។ កិច្ចការបញ្ចូលក្របខណ្ឌ និងផ្ដល់របបសោធននេះ នឹងបន្ដធ្វើជាបន្ដបន្ទាប់តាមនីតិវិធីរហូតចប់សព្វគ្រប់ ដូចនេះអ្នកចូលមុន ចូលក្រោយ នឹងត្រូវបានដូចគ្នាទាំងអស់គ្នា។

ដោយសារការខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយក្នុងរយៈពេលចុងក្រោយនេះ ធ្វើឱ្យអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះធ្លាក់ចុះគួរឱ្យកត់សម្គាល់។ គួររំឭកផងដែរថា អ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០០០-២០០៥ មានអត្រាអ្នកគ្រោះថ្នាក់ជាង ៨០០នាក់ក្នុងមួយឆ្នាំៗ ហើយមកដល់ឆ្នាំ ២០១៦-២០១៨ ធ្លាក់មកនៅជាង១០០នាក់១ឆ្នាំៗ។

ទោះបីជាមានការធ្លាក់ចុះអត្រាគ្រោះថ្នាក់យ៉ាងខ្លាំងក៏ដោយ ក៏តួរលេខនេះ នៅតែមានចំនួនខ្ពស់ជាងបណ្តាប្រទេសមានបញ្ហាគ្រាប់មីនទាំងឡាយលើសកលលោក បើគិតពីប្រទេសដែលមានសន្តិភាពពេញលេញដូចកម្ពុជា។ គេពិនិត្យឃើញថា ជនរងគ្រោះខ្លះត្រូវទទួលគ្រោះថ្នាក់លើដីស្រែចំការរបស់ខ្លួនឯងតែម្តង ដែលពួកគាត់បានធ្វើការដាំដុះជាច្រើនឆ្នាំមកហើយដែរ។ ហើយដោយអ្នកខ្លះក៏បានដឹងថា ដីស្រែចំការទាំងនោះ គឺស្ថិតក្នុងតំបន់ប្រយុទ្ធគ្នាពីមុនមក ប៉ុន្តែពួកគាត់នៅតែសំរេចចិត្តប្រើប្រាស់ដីនោះ ដើម្បីគាំទ្រជីវភាពរស់នៅរបស់ពួកគា ទោះបីដីនោះមិនទាន់បានបោសសំអាតមីនក៏ដោយ៕