(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់មន្ត្រីនៃមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទាំងមន្ត្រីកំពុងបម្រើការងារ, មន្ត្រីចូលនិវត្តន៍​ និងមន្ត្រីពលីថា ក្នុងអាណត្តិទី៦ ខាងមុខនេះ ប្រសិនបើសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសទៅមុខទៀតនោះ ការពង្រឹង និងការទ្រទ្រង់សំណាញ់សុខុមាលភាពសង្គម កាន់តែប្រសើរឡើង ដោយសារគោលនយោបាយអាណត្តិទី៦ នឹងបន្តកំណើនប្រាក់បៀវត្សរ៍ និងរបបសោធនកាន់តែប្រសើរឡើងថែមទៀត។

ការបញ្ជាក់យ៉ាងដូច្នេះរបស់ លោក ហ៊ុន ម៉ានិត ក្នុងឱកាសដែលលោកធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពប្រកាស​បញ្ចូលក្របខ័ណ្ឌ​យោធា បំពាក់ឋានន្តរស័កិ្ត​ និងគ្រឿងឥស្សរយយស ជូននិវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារ របស់ស៊ីម៉ាក់ចំនួន២៧១នាក់ បំណងដើម្បីឲ្យពួកគាត់ទទួលបានរបបសោធន។

លោក ហ៊ុន ម៉ានិត បានថ្លែងថា «អាណត្តិក្រោយនេះ រាជរដ្ឋាភិបាលនឹងបន្តខិតខំកាត់បន្ថយ ការចំណាយលើថ្លៃទឹក ថ្លៃភ្លើង ប្រេងសាំង សេវាសុខាភិបាល ព្រមទាំងសេវាសន្តិសុខសង្គមផ្សេងៗកាន់តែល្អប្រសើរ ជាពិសេសក្រុមជនងាយរងគ្រោះ និងអ្នកក្រីក្រ»

លោកក៏បានលើកឡើងថា ជាក់ស្តែងនៅថ្ងៃនេះផ្ទាល់ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយក្តីស្រមៃចង់បានរបស់និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងាររបស់ស៊ីម៉ាក់ ឲ្យទទួលបានការបញ្ចូលក្របខ័ណ្ឌ បានទទួលផលប្រយោជន៍របបសោធ យ៉ាងពិតប្រាកដ មិនមែនជាការស្រមើស្រមៃឡើយ។ ហើយនេះ គឺជាការតបស្នងសងគុណ ចំពោះនិវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងាររបស់ស៊ីម៉ាក់ ដែលប្រឹងប្រែងបំពេញការងារប្រថុយគ្រោះថ្នាក់ ដើម្បីរំដោះផ្ទៃដីដែលមានមីននៅកម្ពុជាកន្លងមក។

លោក ហ៊ុន ម៉ានិត ក៏បានថ្លែងនូវការកោតសរសើរចំពោះលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំស៊ីម៉ាក់ផ្សេងៗទៀត ដែលបានខិតខំប្រឹងប្រែង ជំរុញរហូតបានប្រកាសបញ្ជូនក្របខ័ណ្ឌយោធា បំពាក់ឋានន្តរស័កិ្ត​ និងគ្រឿងឥស្សរយយស ជូននិវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងាររបស់ស៊ីម៉ាក់ ដោយជោគជ័យ។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ការប្រកាសបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសថ្ងៃនេះ ក៏បានបង្ហាញកាន់តែច្បាស់ថែមទៀតជូនមតិជាតិ និងអន្ដរជាតិ ចំពោះការលើកកម្ពស់ស្ថានភាពសង្គមកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការបន្ដពង្រឹងសំណាញ់សុខុមាលភាពសង្គមជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនជារួម ស្របទៅតាមការរីកចម្រើនខាងសេដ្ឋកិច្ច និងលទ្ធភាពរបស់រាជរដ្ឋាភិបាល។

លោកបន្តថា «ការប្រកាសបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសក្នុងឱកាសនេះ ជាសក្ខីភាពមិនត្រឹមតែជាការឆ្លើយតប ទៅនឹងគុណបំណាច់របស់បងប្អូនមន្ដ្រីស៊ីម៉ាក់ទាំងអស់ ដែលបានចូលរួមបម្រើជាតិ និងប្រជាជនជាមួយស្មារតីយ៉ាងអង់អាចក្លាហាននោះប៉ុណ្ណោះទេ តែជាការបង្ហាញឲ្យឃើញច្បាស់នូវការដោះស្រាយបញ្ហាសង្គមកិច្ច របស់រាជរដ្ឋាភិបាលជូនអ្នកដែលបានរួមចំណែកការពារ និងកសាងប្រទេសជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត»

លោកអគ្គនាយកបានបញ្ជាក់ថា និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារ របស់ស៊ីម៉ាក់ ប្រកាសបញ្ចូលក្របខ័ណ្ឌយោធា អាចនឹងទទួលបានរបបសោធននៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដោយហេតុថា នៅមាននីតិវិធីច្រើនទៀតត្រូវបំពេញ។

លោក ហេង រតនា បញ្ជាក់ថា បច្ចុប្បន្ននេះមន្រ្តីស៊ីម៉ាក់ មានចំនួនសរុបទាំងអស់ជិត១,៨០០នាក់ ចែកចេញជាទីបញ្ជាការដ្ឋាននៅភ្នំពេញ ភូមិភាគនៃកងឯកភាពកំចាត់មីនចំនួន៦ រោងជាងជួសជុល វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន មណ្ឌលសុនខជាតិ សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន និងមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ។

លោកបន្តថា ក្នុងចំណោមមន្រ្តីស៊ីម៉ាក់ទាំងអស់មានចំនួនប្រមាណ៩០% ជាអតីតភាពជាកងកម្លាំងប្រដាប់អាវុធ និង១០% មានអតីតជាគ្រូបង្រៀន គ្រូពេទ្យ និងមន្រ្តីរាជការស៊ីវិល។ ហើយផ្អែកតាមការសំណើរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ស្ដីពីការស្នើសុំបញ្ចូលក្របខ័ណ្ឌ និងផ្ដល់ឋានន្ដរស័ក្ដិជូនមន្រ្ដីស៊ីម៉ាក់ សម្ដេចតេជោបានសម្រេចជាផ្លូវការជូនមន្រ្តី ស៊ីម៉ាក់សរុបមានចំនួន១.៧៧៣នាក់ដែលចែកចេញជា៤ប្រភេទ៖

១៖ មន្រ្តីដែលកំពុងបម្រើការងារមានចំនួន១.៣៦៤នាក់ (ស្រ្ដីចំនួន១៣៦នាក់)
២៖ មន្រ្តីដែលបាត់បង់សមត្ថភាពពលកម្មមានចំនួន១៩១នាក់ (ស្រ្ដីចំនួន០១នាក់)
៣៖ មន្រ្តីដែលចូលនិវត្តន៍ចំនួន២០៣នាក់ (ស្ដី្រចំនួន០៤នាក់)
៤៖ មន្រ្តីដែលទទួលពលីចំនួន១៥នាក់ (ស្រ្ដីចំនួន០៣នាក់)។

លោកអគ្គនាយកស៊ីម៉ាក់បន្ថែមថា នៅថ្ងៃនេះ​ការប្រកាសបញ្ចូលក្របខ័ណ្ឌដំណាក់កាលទី១ ធ្វើចំពោះតែនិវត្តជន អ្នកពលី និងបាត់បង់សមត្ថភាព តែ២៧១នាក់សិនប៉ុណ្ណោះ នៅពេលខាងមុខ នឹងមានប្រកាសបញ្ចូលជាបន្តបន្ទាប់ទៀត៕