(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ​បានបើក​កិច្ច​ប្រជុំ​ជាបន្ទាន់​មួយដើម្បី​ត្រួត​ពិនិត្យ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​ នីតិកាល​ទី​៦​ និងប្រគល់ម៉ូតូចំនួន២៩គ្រឿង ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រះសីហនុ។

​​ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិន្ទ​ បានណែនាំ​ឲ្យ​កងកម្លាំងនគរបាល​ទាំង​អស់​ យល់​ដឹង​អំពី​ច្បាប់​បទបញ្ជា​ នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ និង​​ក្រមសីលធម៌​ សម្រាប់​ភ្នាក់ងារ​សន្តិសុខ ការពារ​ការិយាល័យ បោះឆ្នោត​។ ក្នុង​នោះ​​​ត្រូវ​យល់ដឹង​អំពី​សិទ្ធិ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​វិន័យ​ក្រម​ សីលធម៌​ ប្រកបដោយ​វិជ្ជាជីវៈ​ មាន​ឆន្ទៈ​ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​។ ចំពោះ​ការ​ងារ​ប្រចាំថ្ងៃ​ ត្រូវ​ធ្វើ​ការ​បែងចែក​វេន​ ប្រចាំ​ការ​ ប្រចាំ​បញ្ជា​​ឲ្យ​បាន​ល្អ​​២៤​/២៤ម៉ោង​ ដើម្បី​ទ្រោល​សភាពការណ៍ ការ​ពារ​សន្តិសុខ​ក្នុង​សង្គម។

លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី​៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨​​ខាង​មុខ​នេះ​ មាន​សារៈសំខាន់​ណាស់​ ដូច​នេះ​​​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា ​ឬ​​ជនណា​​មក​អុកឡុក​ រារាំង​ គំរាមកំហែង​ បំភិតបំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ បំផ្លាញ​ដល់​ការ​បោះឆ្នោត​ជាដាច់ខាត​​។​

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ សំណូមពរឲ្យកងកម្លាំងនគរបាលទាំងអស់​ជួយផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ​ សាច់ញ្ញាតិ បងប្អូន​ឲ្យទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ​​រីកចម្រើន។

យ៉ាងណាមិញ លោកស្នងការ បានបញ្ជាក់ថា ​នេះជាលើកទី៤​ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែម ពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តស្វាយរៀង សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខជូនប្រជាពលរដ្ឋ​។

បើតាមលោកស្នងការ របប​ម៉ូតូនៅ​នេះ គឺបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត​របស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់ ដូច្នេះត្រូវប្រើប្រាស់ឲ្យចំគោលដៅ៕​