(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់ទៅដល់ប្រជាពលរដ្ឋ កុំឲ្យជឿលើការញុះញង់ របស់វិទ្យុអាស៊ីសេរី ដែលតែងតែចាក់បំភ្លៃបំផ្លើស អំពីសភាពការណ៍ពិតរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានធ្វើក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ដោយមានការចូលរួមពីប្រជាពលរដ្ឋ មកពីភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ សរុបជាងជិត១ពាន់នាក់ នៅក្នុងបរិវេណវត្ដ «ភូមិពោធិ» ហៅត្រពាំងកត់ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

នាឱកាសនោះលោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា «វិទ្យអាស៊ីសេរី វាជាឆ្កែ បម្រើឲ្យអាមេរិក ជារៀងរាល់ថ្ងៃ គឺវាតែងតែចាក់បំភ្លៃបំផ្លើស សភាពការពិតរបស់កម្ពុជា រហូតដល់មើលងាយថា មានគណបក្សឈរ ឈ្មោះចំនួន២០ ប៉ុន្ដែគណបក្សចំនួន១៩ទៀត ជាគណបក្សអាយ៉ង់...ចោទខ្មែរយើងស្អី ក៏ជាអាយ៉ង់ដែរ»

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងទៀតថា «អ្នកណាធ្វើខ្ញុំ អាមេរិកាំង គឺអ្នកហ្នឹងមិនមែន ជាអាយ៉ង់នោះទេ...ពុកម៉ែ មិនចាំបាច់មើលអ្វីនោះទេ បើដើរតាមអាមេរិកាំង ធ្វើឆ្កែឲ្យអាមេរិក អ្នកហ្នឹងមិនមែន ជាអាយ៉ង់នោះទេ បើមិនធ្វើឆ្កែឲ្យអាមេរិកាំង អ្នកហ្នឹងច្បាស់ជាគេចោទថា ជាអាយ៉ង់ទាំងអស់»

លោកបណ្ឌិត ម៉ា ឈឿន បានបន្ថែមទៀតថា វិទ្យុអាស៊ីសេរី គឺជាវិទ្យុមួយ ដែលគេចិញ្ចឹមឲ្យស្រែកជារៀងរាល់ថ្ងៃ ដើម្បីបំផ្លើសការពិត ចំពោះប្រជាពលរដ្ឋ និងចំពោះសភាពការណ៍នៅកម្ពុជា ទន្ទឹមនឹងប្រទេសកម្ពុជាកំពុងអនុវត្ដលទ្ធិប្រជាធិបតេយ្យ។

ទន្ទឺមគ្នានោះលោកបណ្ឌិតបានលើកឡើងថា «ពុកម៉ែ គិតមើល មហាអំណាចនិយាយអ្វី ក៏ត្រូវដែរ ប្រទេសអាមេរិកាំង មានគណបក្សតែ២តែប៉ុណ្ណោះ, គណបក្សសាធារណរដ្ឋ និងមួយទៀត គណបក្សប្រជាធិបតេយ្យ បោះឆ្នោតតែ២គត់ ឡើងចុះៗ ផ្លាស់ប្ដូរវេនគ្នាកាន់អំណាច»

ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានចោទជាសំណួរថា សូមពុកម៉ែ ពិចារណាមើល វិទ្យុអាស៊ីសេរី មួយថ្ងៃៗ ស្រែកឲ្យអន្ដរជាតិ ផ្ដាច់ជំនួសនៅក្នុងស្រុកខ្មែរ សួរថានឹងស្រលាញ់ខ្មែរដែរ រឺអត់...ពុកម៉ែ សូមពិចារណា?៕