(តាកែវ)៖ ថ្លែងនៅចំពោះមុខសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃកប្បាស បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ធ្លាក់មកនៅក្រោម១០ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ។

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា អត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៤ មានចំនួន១៣ភាគរយ ហើយបើគិតក្នុងមួយឆ្នាំៗអត្រាភាពក្រីក្រត្រូវកាត់បន្ថយប្រមាណ១ភាគរយ ដូច្នោះប្រទេសកម្ពុជាយើងនៅសល់អត្រាភាពក្រីក្រក្រោម១០ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៨នេះ។

លោកថា «មានអំណះអំណាងមួយចំនួន ដែលធ្វើឲ្យអាត្រាភាពក្រីនៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះគឺទី១ ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាង៧ភាគរយ ជារៀងរាល់ឆ្នាំ និងទី២ បើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ILO ប្រជាពលរដ្ឋកម្ពុជាដែលមានការងារធ្វើ គឺមានរហូតដល់៩៩,០៣ភាគរយ ហើយប្រជាពលរដ្ឋដែលគ្មានការងារធ្វើមានតែ០,៣ ភាគរយប៉ុណ្ណោះ»។

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងទៀត កន្លងមកមានក្រុមជនអគតិខ្លះបានចោទប្រកាន់ទាំងងងើលថា ក្រោមការដឹកនាំរបសើគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែក្រទៅៗ។ ការចោទប្រកាន់នេះគឺគ្មានអំណះអំណាងអ្វីទាំងអស់។ ម្យ៉ាងទៀត ការចោទប្រកាន់នេះគឺដើម្បីមហិចតាដ៏ខ្មៅកខ្វក់ក្នុងការកេញចំណេញនយោបាយតែប៉ុណ្ណោះ។ ដូច្នោះសូមសមាជិក គណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់កុំចាញ់ ការឃោសនាបោកប្រាស់នេះឲ្យសោះ។

បើតាមលោកបណ្ឌិត ពេជ សោភ័ន ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងទាក់ទាញវិនិយោគិន ព្រមទាំងបានជម្រុញវិនិយោគមកជិតបងប្អូនដើម្បបង្កើតការងារនៅមូលដ្ឋាន។ នេះជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ដែលសមាជិកបក្ស ត្រូវពន្យល់ឱ្យប្រជាពលរដ្ឋបានយល់ដឹង និងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនទ្វេរដងទៀត៕